ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ករណី​បង្រ្កាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ នៅខេត្ត​កំពង់​ស្ពឺ​ ពេលនេះឈានដល់ការឃាត់ខ្លួន​មនុស្ស​​ជាង ១០នាក់​ និង​រក​ឃើញ​សារធាតុ​គីមី​សម្រាប់​ផ្សំ​គ្រឿង​ញៀន​ប្រមាណ​៨០​តោន​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ នៃក្រសួងមហាផ្ទៃ បាន​ថ្លែង​នៅថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២១នេះថា៖​ ករណី​បង្រ្កាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ នៅខេត្ត​កំពង់​ស្ពឺ​ម្សិលមិញនេះ​ ស្ថិតនៅចំណុចទីតាំង​ក្រុមហ៊ុន​​ផលិត​ដំណាប់​ស្វាយយីហោ «​រីចហ្វា​ម​អេ​ស៊ា​ឯ​.​ក​»​ ស្ថិត​ក្នុងភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ រហូត​មកទល់​ពេលនេះឈានដល់ការឃាត់ខ្លួន​មនុស្ស​​ជាង ១០នាក់​ហើយ​ និង​រឹបអូស​គ្រឿងញៀន​ជាង ១៤០០ គីឡូក្រាម។ 

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ បានថ្លែង​បន្តថា​ ក្នុងប្រតិបត្តិការនោះ​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការនគរបាល​ជាតិ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រងទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​.​ញៀន កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន បាន​ចុះ​សហកា​បង្ក្រាប​ឈ្មួញ​កែ​ច្នៃ​គ្រឿងញៀន​ដ៏​ធំ​ខាងលេីនេះ​ និងឈានដល់ការ​ផ្ទុះអាវុធ​តដៃ​គ្នា ជាមួយ​​ជនសង្ស័យ​ម្នាក់ស្លាប់​ និងឃាត់ខ្លួនជនសង្ស័យចំនួ​ន​២​នាក់​នៅ​នឹង​កន្លែងផងដែរ។

នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​រូបនេះ​ បានបន្ថែមទៀតថា​ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពួកគេក៏​បាន​សារភាព​នូវ​ទីតាំង​ដែល​ពួក​គេ​ដឹក​ចេញ​នេះ គឺជា​កន្លែង​ផលិត និង​កែ​ច្នៃ​គ្រឿង​.​ញៀន​នៅ​ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ​របស់​ក្រុមហ៊ុន​ចិន (​រីចហ្វា​ម​អេ​ស៊ា​ង​.​ក​) ស្ថិត​នៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ក៏​សហការ​អម​ដោយ​ស្ថាប័ន​អយ្យការ បាន​ចុះ​ទៅ​ឆែកឆេរ​នៅ​ទីតាំង​នោះ ក៏​បាន​រក​ឃើញ និង​រឹបអូស​គ្រឿង​.ញៀន​ដូច​មាន ៖ ១- ម្សៅ​ស​សង្ស័យ កេ​តា​មីន​(KE- TAMIN) ចំនួន​៧៤​កា​រ៉ុ​ង ដោយ​ក្នុង​១​កា​រ៉ុ​ង​មាន​ចំនួន​២០​កញ្ចប់​ធំ ស្មើ​ប្រមាណ ១៤៨០ គីឡូក្រាម ទាំង​សំបក​, ២- អាវុធ​ខ្លី​ម៉ាក K៥៤ ១​ដើម និង​៣- រថយន្ត​២​គ្រឿង សារធាតុ​គីមី និង​ឧបករណ៍​កែ​ច្នៃ​គ្រឿង​.​ញៀន​មួយ​ចំនួន​ធំ ។

ជនសង្ស័យ​ទាំង​៣​នាក់​នេះ​៖ ទី១-​ឈ្មោះ LEE TSUNG HAN អាយុ​៣២​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន តៃវ៉ាន់ (​ស្លា​.​ប់​) ។ ទី​២-​ឈ្មោះ LY POHAN ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ (​អ្នកបើកបរ​រថយន្ត​ដឹក​គ្រឿងញៀន​) និងទី​៣.​ឈ្មោះ LY POHAN ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ (​ជាអ្នកគ្រប់គ្រង​កន្លែង​​កៃ​ច្នៃ​គ្រឿង​ញៀន​ខាងលេីនេះ​​) ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ​ បានបញ្ជាក់បន្ថែមថា​ ការ​ចុះ​ទៅ​ទីតាំង​ផលិត​គ្រឿងញៀន កម្លាំង​សមត្ថកិច្ច​ជំនាញ​ក៏​ឈាន​ទៅ​ឃាត់ខ្លួន​មនុស្ស​ជាង​១០​នាក់​ទៀត ដែល​ស្នាក់​នៅ​ទីតាំង​ផលិត​ដំណាប់​ស្វាយ​របស់​ក្រុមហ៊ុន​ចិន​នោះ និង​រឹម​អូស​ថ្នាំ​.​ញៀន​ប្រភេទ (​កេ​តា​មីន​) ១៤៨០​គីឡូក្រាម ក្នុង​នោះ​ក៏​បាន​រក​ឃើញ​សារធាតុ​គីមី​សម្រាប់​ផ្សំ​កែ​ទៅ​ជា​គ្រឿង​.​ញៀន​ប្រមាណ​៨០​តោន រួម​ជាមួយ​ឧបករណ៍​ផលិត កែ​ច្នៃ​មួយ​ចំនួន​ទៀត​ផង​ដែរ។​ បច្ចុប្បន្ន​​មនុស្ស​ជាង​១០​នាក់​ខាងលើ​នេះ​ មិន​ទាន់បញ្ជាក់ថា​ ពួកគាត់​ជាជនសង្ស័យ​នៅឡើយ​នោះ​ទេ ដោយ​សមត្ថកិច្ច​កំពុងសាកសួរ​។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​ជនសង្ស័យ​ រួចនិង​គ្រឿង​ញៀនសរុបចំនួន ១៤៨០គីឡូក្រាម ព្រមទាំង​វត្ថុ​តាង​ខាងលេីនេះ​ ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន ដើម្បី​បន្ត​តាមនីតិវិធីច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖