ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករកម្ពុជា ដណ្ដើម​បាន​លេខ១ ស្ទើរ​គ្រប់​វិញ្ញា​សា ក្នុងការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ានថ្ងៃដំបូង

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមផេក ( Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា# កីឡារស់ក្នុងសន្ដិភាព នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ការប្រកួតកីឡាទូកក្ដោងជ្រើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ២០២១ បាន​ដំ​ណើរ​ការ​ប្រ​កួត​ជា​ផ្លូវ​ការ​ហើយ ខណៈ​លទ្ធ​ផល​បច្ចេក​ទេស​ថ្ងៃ​ដំបូង នៅ​ថ្ងៃទី១៣ ខែធ្នូនេះ ក្រុមកីឡាករកម្ពុជា ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ស្ទើរគ្រប់វិញ្ញាសា។ ការប្រកួតនេះ មានកីឡាករ-កីឡាការិនីចូលរួម ២៧រូប មកពី ៣ប្រទេស រួមមានកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី។

យោងតាមរបាយការណ៍ ស្ដីពីការប្រកួតថ្ងៃទី១នេះ គេឃើញ​កីឡាករ​កម្ពុជា ធ្វើបានយ៉ាងល្អប្រសើរ ក្នុងចំណោម ៤វិញ្ញាសា ដែលកម្ពុជា បាន​បញ្ជូន​អត្តពលិកចូលរួមប្រកួត លើកលែងវិញ្ញាសា ILCA 4 ដែល​កម្ពុជា​មិនបានបញ្ជូនកីឡាករចូលរួមប្រកួតនោះទេ។ ចំពោះ​លទ្ធ​ផល​ការ​ប្រ​កួត​​ថ្ងៃដំបូង ក្រោយឆ្លងកាត់ការប្រកួត ៣ជុំ រួមមាន៖

១-វិញ្ញាសា ILCA 7 កីឡាករកម្ពុជាចូលរួម ២រូប ទទួលបានចំណាត់​ថ្នាក់​លេខ ១ និងលេខ ៣ ក្នុងចំណោមកីឡាករ ៣រូប។

២-វិញ្ញាសា ILCA 6 កីឡាករកម្ពុជាចូលរួម ២រូប ទទួលបាន​ចំ​ណាត់ថ្នា​ក់​លេខ ៤ និងលេខ ៥ ក្នុងចំណោមកីឡាករ ៥រូប។

៣-វិញ្ញាសា RS:One កីឡាករកម្ពុជាចូលរួម ៣រូប ទទួលបានចំណាត់​ថ្នាក់​លេខ១ លេខ២ និងលេខ ៣ ក្នុងចំណោមកីឡាករ ៥រូប។

៤-វិញ្ញាសា Techno 293 កីឡាករកម្ពុជាចូលរួម ៥រូប ទទួល​បាន​ចំ​ណាត់​ថ្នាក់លេខ១ និងលេខ៣ ក្នុងចំណោមកីឡាករសរុប ៨រូប។

លោក ថោង រដ្ឋសក្ដិ អនុប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានឲ្យដឹងថា ក្រោយឆ្លងកាត់ការប្រកួតថ្ងៃទី១ គណៈកម្មការរៀបចំ ពិសេសជំនាញការអន្ដរជាតិ បានវាយតម្លៃខ្ពស់ ចំពោះស្ថានភាពទីលានលើលំហរសមុទ្រកម្ពុជា ក៏ដូចជាការរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់បានល្អ ជំរុញឲ្យការប្រកួតដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ។

លោកបន្ដថា ក្នុងចំណោម ៥វិញ្ញាសាខាងលើ នឹងត្រូវធ្វើការប្រកួតចំនួន ១៦ជុំ ក្នុងវិញ្ញាសានីមួយៗ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ ឆ្នាំ២០២១ នៅឆ្នេរសុខា ខេត្តព្រះសីហនុ។ បន្ទាប់មកទើបគណៈកម្មការរៀបចំការប្រកួត ធ្វើការបូកសរុបពិន្ទុ ដើម្បីកំណត់កីឡាករជ័យលាភីប្រចាំព្រឹត្តិការណ៍នេះ៕

ដោយ៖ សិលា


ចែករំលែក៖