ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាសុខៗត្រូវបានរថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងួត តេងឡាយ បើកដោយបុរសម្នាក់ស្រវឹងស្រាមកបញ្ច្រាសទិសគ្នារេចង្កូតឡើងខឿនពុះចែកទ្រូងផ្លូវមកបុកម៉ូតូទាំងកំរោល កាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
សពជនរងគ្រោះមានឈ្មោះ ហ៊ុន វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។
តាមប្រភពពីសន្តិសុខម្នាក់ដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុនផែស្ងួត តេងឡាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-0771បើកដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតឡើងលេីខឿនពុះចែកទ្រូងផ្លូវទៅបុកម៉ូតូម៉ាកE XCITER ពាក់ស្លាកលេខភ្នំពេញ1GQ -6422ជិះដោយបុរសពីរនាក់ក្នុងទិសដៅពីកើតទៅលិច ពេញទំហឹងប៉ើងទៅលើចិញ្ចើមផ្លូវហើយត្រូវរថយន្តកិនចំក្បាលអ្នកបើកម៉ូតូធ្លាយខួរពេញផ្លូវស្លាប់យ៉ាងរន្ធត់ និងបុរសម្នាក់ទៀតដែលរួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ។ ដោយឡែកតៃកុងរថយន្តបង្កហេតុត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ច្បារអំពៅ២ រង់ចាំប្រគល់ឱ្យជំនាញចាត់ការតាមនីតិវិធី ។
ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌច្បារអំពៅសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីធ្វេីការវាស់វែងយករថយន្តបង្កព្រមទាំងតៃកុងនិងម៉ូតូរងគ្រោះទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ។ ដោយឡែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ