ខេត្តមណ្ឌលគិរី៖ សាលាឆាន់វត្តខេមរាបុញ្ញរាមដែលទើបកសាងឡើងថ្មីៗនោះត្រូវបានអគ្គិភ័យឆាបឆេះខូចខាតអស់ទាំងស្រុង។
ហេតុការណ៍ភ្លើងឆេះសាលាឆាន់នេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២១ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុព្រះសង្ឃដែលគង់ក្នុងវត្តកំពុងតែគង់លេងនៅតុក្នុងបរិវេណវត្ត ក៏ស្រាប់តែដាច់ចរន្តភ្លើងហើយក៏មានអណ្តាតភ្លើងចេញពីបន្ទប់សឹងរបស់លោកគ្រូធំឆាបឆេះតែម្តង។
ភ្លាមៗព្រះសង្ឃនាំគ្នាជួយប្រឹងប្រែងពន្លត់ដែរតែមិនអាចទប់និងអណ្តាតភ្លើងបានឆេះកាន់តែខ្លាំងឡើង។
ប្រភពបន្តថាបច្ច័យកសាងចំនួនជាងប្រាំបីលានរៀលរួមទាំងសម្ភារប្រើប្រាស់ជាច្រើនទៀតត្រូវបានឆេះអស់គ្មានសល់។
លោក ហេង អ៊ួង អធិការនគរបាលស្រុកកែវសីមាបានបញ្ជួនរថយន្តពន្លត់អគ្គិភ័យចុះបាញ់ពន្លត់ភ្លាមៗដែរ តែដោយសារសាលាឆាន់សង់អំពីឈើហើយទទួលព័ត៌មានយឺតពេកទើបពុំអាចជួយបានទាន់ពេលឡើយ។
តែទោះជាយ៉ាងណាក្នុងហេតុការណ៍នោះពុំមានព្រះសង្ឃរងរបួសនោះទេ។
លោកហឿនសុខណា ប្រធានសសយកស្រុកកែវសីមាក្រោយកើតហេតុភ្លាមៗក៏បានបញ្ជួនកន្ទេលមុងភួយខ្នើយប្រគេនដល់ព្រះសង្ឃដោះទាល់មួយគ្រាភ្លាមៗផងដែរ៕
ដោយ ៖ ជីវ័ន្ត