ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLexus RX300 បើកបត់ត្រឡប់ក្រោយបុកបង្គោលភ្លើងពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

    ភ្នំពេញ ៖ បុរសជាជនជាតិបរទេសម្នាក់ បានបើកបររថយន្តមួយគ្រឿងបត់ត្រឡប់ក្រោយជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឱ្យបាក់អស់មួយដើម រីឯរថយន្តរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៥ និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសប៊ិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX​300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY-3534 បើកបរដោយបុរសជនជាតិបរទេសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវសប៊ិតក្នុង ទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែបត់ទៅខាងឆ្វេងដៃរួចត្រឡប់ក្រោយវិញ ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឱ្យបាក់អស់មួយដើម រីឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុខាងលើ ដោយមើលឃើញថាខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ក៏បានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖