ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លោតទម្លាក់ខ្លួនពីលើផ្ទះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយមិនដឹងពីមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានលោតទម្លាក់ខ្លួនពីលើផ្ទះជាន់ទី១ ត្រូវក្បាលបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចទីតាំងបារនិងភោជនីយដ្ឋាន ផ្ទះលេខ៦៨A៥ ជាន់ទី១ តាមបណ្ដោយផ្លូវលេខ១៣៥ ស្ថិតនៅក្នុងសង្កាត់ទួលទំពួង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតខាងបានឱ្យដឹងថា បុរសដែលលោតសម្លាប់ខ្លួននេះបានស្នាក់នៅផ្ទះលេខ៦៨A៥ ហើយមុននឹងលោតសម្លាប់ខ្លួនគាត់បានឈរមួយសន្ទុះធំនៅលើរបាំងឫស្សីដែលនៅលើជាន់ទី១នោះ រួចហើយមិនដឹងយ៉ាងម៉េចស្រាប់តែលោតទម្លាក់ខ្លួនមកក្រោមបណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយមិនដឹងពីមូលហេតុឡើយ។

ពាក់ព័ន្ធករណីខាងលើនេះដែរសមត្ថកិច្ចនៅមិនទាន់ដឹងថាជាករណីអ្វីឱ្យពិតប្រាកដនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋានកំពុងតែធ្វើការស្រាវជ្រាវ ត្រួតពិនិត្យមើលកន្លែងកើតហេតុដើម្បីបញ្ជាក់ថាករណីនេះមានពាក់ព័ន្ធជាមួយនឹងរឿងអ្វីឲ្យប្រាកដ ។

បច្ចុប្បន្នសពជនរងគ្រោះ ខាងលើត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំរកក្រុមគ្រួសារដើម្បី ធ្វើបុណ្យផងដែរ ៕

ដោយ៖ជីណា


ចែករំលែក៖