ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេងបានណែនាំឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធសម្អាតមហាវិថីឈ្នះ=ឈ្នះ និងកំណាត់ផ្លូវ១៧៨ ដើម្បីទទួលសម្តេចតេជោ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានពហុកីឡដ្ឋានជាតិមរតកតេជោ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ក្នុងដំណើរចុះពិនិត្យមហាវិថីឈ្នះ=ឈ្នះ នៅព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១ បានជំរុញឱ្យអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមួយចំនួនធ្វើការសម្អាតមហាវិថីឈ្នះ=ឈ្នះ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ បរិស្ថានឲ្យបានល្អដើម្បីទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសម្ដេចទាំងទ្វេនឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២១ ខាងមុខនេះ។

    លោកឃួង ស្រេង ក្នុងឱកាសនោះក៏បានធ្វើការណែនាំទៅក្រុមហ៊ុនប្រមូលនិងដឹកជញ្ជូនសំរាមធ្វើការបោស កើប ប្រមូលនិងដឹកជញ្ជូនសំរាមឱ្យបានស្អាត ហើយធុងសំរាមដែលមានសភាពចាស់ៗ ក៏តែត្រូវប្តូរថ្មីឱ្យបានស្អាតដើម្បីលើកសោភណភាពនៅលើកំណាត់ផ្លូវនេះឲ្យបានល្អប្រសើរ ។ បន្ថែមពីលើនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏ត្រូវសម្អាតបាញ់ទឹកលាងផ្លូវ កើបអាចម៍ដីនិងជួសជុលផ្លូវផងដែរដើម្បីឱ្យស្ថានភាពមហាវិថីឈ្នះ=ឈ្នះនេះមានសោភណ្ឌភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អប្រសើរ។

   ក្រោយពីបញ្ចប់ការពិនិត្យមហាវិថីឈ្នះ=ឈ្នះហើយ លោកឃួង ស្រេង ក៏បានបន្តដំណើរចុះទៅពិនិត្យស្ថានភាពផ្លូវក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈនៅលើកំណាត់ផ្លូវលេខ១៧៨ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញបន្តទៀត ដោយសម្ដេចតេជោហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh Hotel)នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ។

    សូមបញ្ជាក់ថា៖ ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀស ចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ១៧៨ (ចន្លោះផ្លូវ១៧៨ កែងផ្លូវលេខ១៩ និងផ្លូវលេខ១៧២ កែងផ្លូវលេខ១៣) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ ក្នុងឱកាសនោះដែរ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ជាពិសេសដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទហាមធ្វើចរាចរណ៍ឆ្លងកាត់កំណាត់ មហាវិថីឈ្នះ=ឈ្នះ ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់ បញ្ចប់កម្មវិធី៕

ដោយ ៖ សំរិត


ចែករំលែក៖