ខេត្តសៀមរាប ៖ ពិតជាចិត្តស្លុយណាស់ដែលក្មេងប្រុសជំទង់វ័យ១៣ឆ្នាំម្នាក់ បានបាញ់សម្លាប់ខ្លួនឯង ក្នុងបន្ទប់ទឹក ដោយមិនដឹងពីមូលហេតុ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះ ក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុមទី១២ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
តាមព័ត៌មានពីមន្រ្តីនគរបាល៉ុស្តិ៍ស្លក្រាមបានឱ្យដឹងថា ក្មេងជំទង់ដែលធ្វើអត្តឃាតនេះឈ្មោះ វឿន ស៊ីតនីណាថាន់ ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុខាងលើ។ក្មេងប្រុសជំទង់រូបនេះ បានបាញ់សម្លាប់ខ្លួនឯង ដោយប្រើកាំភ្លើង ម៉ាក SIG SAUR លេខតួ 27 11U-S ចំនួនមួយ គ្រាប់ ចំក្បាលដែលកាំភ្លើងខ្លីនេះជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ុយ ចយ អាយុ ៤៨ ឆ្នាំ មុខរបរ មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប ត្រូវជាឪពុក។
តាមការឆ្លើយបំភ្លឺរបស់ឪពុក ម្តាយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ម្នាក់នេះ ជាមនុស្សមានជំងឺបាក់ទឹកចិត្ត តែមិនបានបញ្ជាក់ពីការបាក់ទឹកចិត្តដោយសាររឿងអីនោះទេ។ ឆ្លៀតឱកាសឪពុកទុកកាំភ្លើងនៅក្នុងបន្ទប់ដេក ស្រាប់តែកូនប្រុសរបស់គាត់ចូលទៅលួចយកមកបន្ទប់ទឹកហើយបាញ់សម្លាប់ខ្លួនឯងតែម្តង។
យ៉ាងណានៅក្រោយកើតហេតុការណ៍នេះកើតឡើងគេឃើញលោក ព្រះរាជអាជ្ញាអមសាលាដំបូង ចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពជាមួយមន្រ្តីជំនាញ តែមិនទាន់សន្និដ្ឋានបែបណាទេខណៈរឹបអូសយកកាំភ្លើងខ្លីនិងនាំឪពុករបស់សពទៅធ្វើការសាកសួររកមូលហេតុនៅឡើយ៕
ដោយ ៖ ប្រាថ្នា