ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ​ ដែល​មានតម្លៃ ១៨០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។ 

សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ បានសាងសង់ក្នុងតម្លៃ ១៨០លានដុល្លារ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី» គឺជាពាណិជ្ជកម្មមួយរបស់ «ហៃយ៉ាត់ ហូថែល ខបភើរេសិន» ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកកំពុងប្រតិបត្តិការសណ្ឋាគារជាង ៩០០ទីតាំង ក្នុង៦៥ប្រទេស និងមានយីហោប្រណិតចំនួន២១។

សណ្ឋាគារនេះមានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយនិងទំនើបសម្រាប់រៀបចំកម្មវិធីនិងកិច្ចប្រជុំគ្រប់ប្រភេទ។

វត្តមានសណ្ឋាគារនេះ នឹងចូលរួមចំណែកក្នុងការនាំមកនូវកំណើនភ្ញៀវទេចរ តាមរយៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងធុរជនពីគ្រប់ទិសទីលើសកលលោកមកកាន់ប្រទេសកម្ពុជា។ 

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង ៧:៣០ព្រឹក៕

ដោយ​៖ស​ តារា​


ចែករំលែក៖