ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាគ្មានសិទ្ធិអ្វីទៅអារកាត់លើជម្លោះដែនសមុទ្រចិនខាងត្បូងនោះទេ !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាគ្មានសិទ្ធិអ្វីទៅអារកាត់លើជម្លោះដែនសមុទ្រចិនខាងត្បូងនោះទេ ហើយសូមភាគីពាក់ព័ន្ធទាំងអស់កុំឱ្យកម្ពុជាធ្វើជាចៅក្រមកាត់សេចក្តីលើករណីនេះ ខណៈដែលសម្តេចលើកទឹកចិត្ត និងអំពាវនាវចំពោះប្រទេសដែលពាក់ព័ន្ធទាំងអស់គប្បីរកដំណោះស្រាយគ្នាដោយសន្តិវិធី។

សម្តេចតេជោបញ្ជាក់ថា ការណ៍ដែលកម្ពុជាមិនអាចចេញនូវសេចក្តីថ្លែងការណ៍បានកាលពីឆ្នាំ២០១២ទាក់ទងនឹងសមុទ្រចិនខាងត្បូង គឺដោយសារតែ…..។

   សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ាដោយគ្មានការប្រែប្រួលឡើយនៅអំឡុងខែមករា ឆ្នាំ២០២២។ សម្តេចបញ្ជាក់ថា យើងមិនអាចបង្កើតទម្លាប់អាក្រក់របស់អាស៊ាននោះទេ ពេលដែលមិនពេញចិត្តសមាជិកណា មិនហៅគេចូលប្រជុំ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា សម្ដេចនឹងតែងតាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើជាបេសកជនរបស់ប្រធានអាស៊ាន ដើម្បីចុះទៅសម្របសម្រួលជាមួយប្រទេសមីយ៉ាន់ម៉ា។ 

   សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលនៃសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី នាថ្ងៃនេះ និងជូនពរឱ្យក្រុមហ៊ុនទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត ព្រមទាំងបានប្រកាសសម្ពោធបើកឱ្យដំណើរការជាផ្លូវការចាប់ពីពេលនេះតទៅ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើងជាដំណាក់កាលៗ ក្រោយវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ សម្តេចបញ្ជាក់ថា វិស័យកសិកម្ម និងឧស្សាហកម្មនៅកម្ពុជាមិនមានការធ្លាក់ចុះនោះទេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅតែរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅ ឆ្នាំ២០២១នេះ នឹងមានកំណើនជិត៣ភាគរយ។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា ចំណូលជាតិកើនឡើង ទោះបីជាមិនទាន់ងើបស្មើមុនកូវីដក៏ដោយ ពេលនេះយើងទទួលបាន៥០០ ទៅ៧០០ លានដុល្លារក្នុងមួយខែ ពេលកូវីដផ្ទុះខ្លាំងគឺធ្លាក់ចុះក្រោម៤០០លានដុល្លារ។

សម្តេចតេជោបានថ្លែងបញ្ជាក់ទៀតថា ដើម្បីរក្សាបាននូវសិទ្ធិរស់រានមានជីវិត គឺត្រូវធ្វើយ៉ាងណាកុំឱ្យមានសង្រ្គាមកើតឡើង ព្រោះសិទ្ធិនេះគឺជាសេចក្តីត្រូវការរបស់មនុស្សជាតិនៅលើពិភពលោក។

   សម្តេចតេជោ បានអំពាវនាវឱ្យម្ចាស់រថយន្តដែលជ្រកក្រោមស្លាករដ្ឋ រថយន្តចង្កូតស្តាំ មិនទាន់បានបង់ពន្ធ ត្រូវរួសរាន់មកបង់ពន្ធ ដែលនឹងទទួលបានការបញ្ចុះតម្លៃ១០ភាគរយ។

   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបានថ្លែងបែបនេះក្នុងពេលដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។ 

   សម្តេចចាត់ទុកថា សណ្ឋាគារនេះជាសមិទ្ធផលមួយសម្រាប់ជាតិកម្ពុជាផងដែរ ហើយតាមរយ:សណ្ឋាគារនេះក៏បានផ្តល់ការងារ ផ្តល់ពន្ធជូនរដ្ឋ និងទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចពិតជាមោទនភាពចំពោះក្រុមហ៊ុន ជីបម៉ុង និងក្រុមហ៊ុនដទៃទៀតនៅកម្ពុជា ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាមានវឌ្ឍនភាពលើវិស័យសំខាន់ៗ។ 

សម្តេចតេជោបានមានប្រសាសន៍ថា សមិទ្ធផលដែលកើតមានឡើងនេះ គឺដោយសារយើងមានថ្ងៃរំដោះថ្ងៃ៧ មករា១៩៧៩ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនេះគឺជាសច្ចភាពប្រវត្តិសាស្ត្រ ហើយគ្មានអ្វីនឹងខ្លាចក្នុងការនិយាយនោះទេ។

   សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា រាជធានីភ្នំពេញពីមុនគឺជាទីក្រុងមួយដ៏ស្ងប់ស្ងាត់ និងឯកោបំផុតនៅក្រោយពេលរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយថ្ងៃរំដោះ និងការប្រឹងប្រែងស្វែងរកសុខសន្តិភាព ពិសេសក្រោយឆ្នាំ១៩៩៨ ប្រទេសជាតិយើងបានចាប់ផ្តើមមានសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជាបន្តបន្ទាប់៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖