អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១៤ខែធ្នូ បានព្រមានថា វីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង កំពុងតែឆ្លងរាលដាលក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ។ទន្ទឹមនឹងនោះអង្គការ WHO ក៏បានអំពាវនាវដល់បណ្តាប្រទេសធ្វើសកម្មភាពឱ្យបានលឿនបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលឱ្យមានប្រសិទ្ធភាព។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រកាសថា គិតមកដល់ពេលនេះ មាន៧៧ប្រទេសនិងដែនដីបានរកឃើញវត្តមានកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុន Pfizer បានប្រកាសថា ការសាកល្បងនាពេលកន្លងមកបានបង្ហាញឱ្យឃើញថា ថ្នាំព្យាបាល Paxlovid អាចជួយកាត់បន្ថយការស្លាប់និងធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យដល់ទៅ ៩០% ។ ក្រុមហ៊ុន Pfizer បានប្រកាសថា ថ្នាំព្យាបាលខាងលើអាចទប់ទល់ជាមួយវីរុសបំប្លែងថ្មី អូមីក្រុង បានយ៉ាងល្អបំផុត។
វីរុសបំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញដំបូងនៅក្នុងទ្វីបអាហ្វ្រិក ហើយផ្តល់របាយការណ៍ឡើងទៅកាន់អង្កការសុខភាពពិភពលោក នៅថ្ងៃទី២៤ខែវិច្ឆិកា ។ របាយការណ៍ពេលដំបូងបង្ហាញឱ្យឃើញថា វីរុសនេះអាចមានសមត្ថភាពប្រឆាំងជាមួយវ៉ាក់សាំងបាន ហើយងាយស្រួលឆ្លងជាងវីរុសបំប្លែងថ្មីដែលតា ដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាទៅទៀត៕
ដោយ៖ធីរីណា(រូបថត៖Nam Phi)