ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Lindelof របស់ Man Utd បានជាសះស្បើយ បន្ទាប់ពីមានបញ្ហាផ្លូវដង្ហើមពេលប៉ះ Norwich

ចែករំលែក៖

ក្លិប Manchester United បានប្រកាសកាលពីថ្ងៃពុធ ទី១៥ធ្នូថាខ្សែការពារកណ្តាលរបស់ក្លិបគឺកីឡាករ Victor Lindelof បានសះស្បើយពីបញ្ហាពិបាកដកដង្ហើមដែលបានបង្ខំគាត់ឱ្យចាកចេញក្នុងជ័យជម្នះលើក្រុម Norwich City កាលពីចុងសប្តាហ៍កន្លងទៅ។

កីឡាករជម្រើសជាតិស៊ុយអែតវ័យ២៧ឆ្នាំរូបនេះត្រូវបានជំនួសដោយ Eric Bailly នៅពាក់កណ្តាលតង់ទី២នៅកីឡដ្ឋាន Carrow Road បន្ទាប់ពីតស៊ូដើម្បីដកដង្ហើម និងមានការឈឺចាប់នៅក្នុងទ្រូង។ នេះបើយោងតាមអ្នកចាត់ការលោក Ralf Rangnick ។

លោក Ralf Rangnick បានបន្តថា “គាត់មិនអាចចាំខ្លួនឯងបានទេថាវាកើតឡើងដោយរបៀបណា? ខ្ញុំគិតថា គាត់បានប៉ះទង្គិចជាមួយកីឡាករម្នាក់ទៀត ហើយគាត់មានបញ្ហាក្នុងការដកដង្ហើមជាង១០នាទី។ ចង្វាក់បេះដូងរបស់គាត់គឺខ្ពស់ជាងធម្មតា ដូច្នេះគាត់មានការតក់ស្លុតបន្តិច”។

ក្លិបបិសាចក្រហម Manchester United បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Victor Lindelof បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ គាត់បានជាសះស្បើយពីអ្វីដែលគាត់បានជួបប្រទះក្នុងការប្រកួតជាមួយ Norwich។ស្ថានភាពរបស់ Lindelof មិនត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងនៃ COVID-19 ណាមួយនៅក្នុងក្លិបនោះទេ”។

សូមបញ្ជាក់ថា ការប្រកួតនៅក្របខ័ណ្ឌ Premier League របស់ក្រុមបិសាចក្រហម Manchester United ទល់នឹងក្រុម Brentford ដែលគ្រោងប្រកួតកាលពីថ្ងៃអង្គារ ត្រូវបានពន្យារពេល ដោយសារការរីករាលដាលករណី COVID-19 ជាច្រើននៅក្នុងក្លិបដែលមានមូលដ្ឋាននៅកីឡដ្ឋាន Old Trafford ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖