ព័ត៌មានទាន់ហេតុការណ៍៖

រឿងពិតខ្លះៗនៅពីក្រោយហ៊ិន ច័ន្ទនីរ័ត្ន ផ្តាច់ទំនាក់ទំនងម្តាយឪពុក និងបងប្អូនបង្កើត

ចែករំលែក៖

ភ្នំពេញ៖ មុននេះមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្តាញសង្គមក្រោយពីប្អូនស្រីបង្កើតរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានទម្លាយរឿងរ៉ាវការផ្តាច់ទំនាក់ទំនងរបស់បងស្រីបង្កើត និងក្រុមគ្រួសារ ។ ការបញ្ចេញដំណឹងនេះបានបង្កើតឲ្យមានការជជីកសួរគ្នាជុំវិញមូលហេតុនៅពីក្រោយការមិនខ្វាយខ្វល់របស់តារាស្រីរូបនេះជាមួយនឹងក្រុមគ្រួសារ ហើយពេលនេះគេបានដឹងដំណឹងខ្លះៗហើយ។ 

  មានការលើកឡើងរបស់អ្នកដែលធ្លាប់បានស្គាល់ និងជួបម្តាយបង្កើតរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានលើឡើងថា ហ៊ិន ច័ន្ទនីរ័ត្ន មិនមានអារម្មណ៍ស្និទ្ធិស្នាលជាមួយបងប្អូន និងឪពុកម្តាយបង្កើតរបស់នាងព្រោះតែនាងត្រូវបានម្តាយចិញ្ចឹមដែលជាសាច់ញាតិយកមកចិញ្ចឹមចាប់តាំងពីនាងនៅវ័យ៣ឆ្នាំ ហើយនាងតែងតែងគិតថា ឪពុកម្តាយបង្កើត បងប្អូននាងបោះបង់នាងចោល និងស្រលាញ់ឪពុកម្តាយចិញ្ចឹមដែលមើលថែនាងបានយ៉ាងល្អនោះ។ ប្រភពថា ក្រុមគ្រួសារនាងរស់នៅក្នុងស្រុកត្រាំកក់ខេត្តតាកែវនិងមានបងប្អូនច្រើនហើយសុទ្ធតែមានសម្រស់ស្រស់សោភាដូចនីរ័ត្នដែរ។ ទោះជាយ៉ាងណាមុននេះប្អូនស្រីបង្កើតរបស់តារាសម្តែងស្រីរូបនេះអះអាងប្រាប់អ្នកសារព័ត៌មានដែរថា នៅពីក្រោយការទម្លាយរឿងរ៉ាវពាក់ព័ន្ធនឹងបងស្រីគឺគ្មានចេតនាចង់ល្បី ឬចង់បានចំណាប់អារម្មណ៍នោះទេ គឺគ្រាន់តែចង់ឱ្យបងស្រីទទួលស្គាល់ការពិត នឹងគ្រួសារ។ ម្ចាស់គណនីយហ្វេសប៊ុកឈ្មោះស្រីពៅរូបនេះទទួលស្គាល់ដែរថា នីរ័ត្នពិតជាត្រូវប្រគល់ឲ្យទៅម្តាយចិញ្ចឹមចាប់តាំងពីវ័យ៣ឆ្នាំ ដែលបានឲ្យទៅគេនោះគឺមកពីបង្ហាញជីវភាពគ្រួសារកាលគ្រានោះលំបាកខ្វះខាត ខ្វះការផ្គត់ផ្គង់អាហារជាច្រើនទើបសម្រេចចិត្តបែបនេះប៉ុន្តែ បច្ចុប្បន្ននេះជីវភាពគ្រួសារ លែងពិបាកទៀតហើយគឺអាចរស់នៅបានស្រួល ទើបជាហេតុចង់ឱ្យ នីរ័ត្ន ត្រឡប់មកទទួលស្គាល់ម្ដាយឪពុកបង្កើត ព្រោះពេលនេះលោកទាំងពីរមានវ័យកាន់តែចាស់។ ប្រភពបន្តថានីរ័ត្នបានផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារបង្កើតអស់រយៈពេលច្រើនឆ្នាំមកហើយ។ 

   ទោះជាយ៉ាងណាពេលនេះគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្នបាននៅឡើយទេ ហើយនាងក៏មិនបានបញ្ចេញប្រតិកម្មណាមួយនៅលើបណ្តាញសង្គមផងដែរ ។ ទោះជាយ៉ាងណាពេលនេះគេបានដឹងអំពីមូលហេតុខ្លះៗនៅពីក្រោយការសម្រេចចិត្តរស់នៅឆ្ងាយពីក្រុមគ្រួសារនោះហើយ។ គេនៅបន្តរង់ចាំតាមដានទៀតថាតើករណីនេះនឹងបន្តទៅជាយ៉ាងណា។ គេចាំបានដែរថាកន្លងទៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធីសិល្បៈមួយ ហ៊ិន ច័ន្ទនីរ័ត្នធ្លាប់បានសម្រក់ទឹកភ្នែកដោយក្តីរំភើបនឹកគុណទៅកាន់ឪពុកម្តាយ ហើយនាងបានសម្រេចបំណងជូនអ្នកមានគុណ ដោយការផ្តល់ជូននូវជម្រកស្នាក់នៅសមរម្យ ហើយការរំជួលចិត្តនេះគឺសំដៅទៅលើឪពុកម្តាយចិញ្ចឹមនោះទេ មិនបាននឹកសំដៅទៅលើឪពុកម្តាយបង្កើតឡើយ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖