ភ្នំពេញ៖ ការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ ខេត្តព្រះសីហនុ បានបញ្ចប់ការប្រកួត ៣ថ្ងៃហើយ។ ការប្រកួតបានដំណើរការយ៉ាងរលូនលើផ្ទៃសាគរ នាតំបន់ឆ្នេរសុខា ដែលជាទីតាំងគោលដៅត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា សម្រាប់ប្រភេទកីឡាលើទឹកមួយនេះ។ នេះបើយោងតាមផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
ចំពោះលទ្ធផលការប្រកួតថ្ងៃទី៣ នៃព្រឹត្តិការណ៍ប្រចាំតំបន់នេះ រួមមាន៖
១- វិញ្ញាសា RS:One កីឡាករកម្ពុជា ប៉ាល់ សិលា នៅតែរក្សាភាពខ្លាំង ដោយបន្ដឈរលេខ១ ចំនួន៣ថ្ងៃជាប់គ្នា ខណៈកីឡាករ សែម ប្រុសពៅ បន្ដឈរលេខ២ និងកីឡាករសិង្ហបុរី Lemmy Tei Kay Chee ឡើងមកឈរលេខ៣ វិញ។
២-វិញ្ញាសា ILCA 6 កីឡាករកម្ពុជា ២រូប បន្ដឈរលេខ៤ និងលេខ៥ ក្នុងចំណោមកីឡាករ ៥រូប ខណៈកីឡាករសិង្ហបុរី បន្ដឈរលេខ១ លេខ២ និងលេខ៣។
៣-វិញ្ញាសា ILCA 7 កីឡាករកម្ពុជា ញូវ ចាន់ រក្សាចំណាត់ថ្នាក់លេខ២ បណ្ដោះអាសន្ន ខណៈកីឡាករម៉ាឡេស៊ី បន្ដឈរលេខ១ គ្រាដែលកីឡាករ ឡុច ដារ៉ុង ឈរលេខ៣។
៤-វិញ្ញាសា Techno 293 កីឡាករកម្ពុជា កែវ ភារុណ បន្ដឈរលេខ២ បណ្ដោះអាសន្ន តាមពីក្រោយកីឡាករសិង្ហបុរី David NG Tiong Gee។ វិញ្ញាសានេះ កម្ពុជាបញ្ជូនកីឡាករ ៥រូប ចូលរួម ក្នុងចំណោមកីឡាករសរុប ៨នាក់។
៥-វិញ្ញាសា ILCA 4 កីឡាករសិង្ហបុរី ឈរលេខ១ និងលេខ៣ ខណៈកីឡាករម៉ាឡេស៊ី ឡើងមកឈរលេខ២ បណ្ដោះអាសន្ន។ ប៉ុន្ដែវិញ្ញាសានេះ កម្ពុជាពុំបានបញ្ជូនកីឡាករ ចូលរួមប្រកួតនោះទេ។
លោក ថោង រដ្ឋសក្ដិ អនុប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទូកក្ដោង ជើងឯកអាស៊ាន ឆ្នាំ២០២១ នៅកម្ពុជានេះ មានកីឡាករ-កីឡាការិនី សរុប២៧នាក់ មកពី៣ប្រទេសចូលរួម ដោយប្រកួតលើ ៥វិញ្ញាសា ហើយវិញ្ញាសានីមួយៗ ត្រូវធ្វើការប្រកួតចំនួន ១៦ជុំ បន្ទាប់មកទើបបូកសរុបលទ្ធផល និងកំណត់ជ័យលាភី ខណៈបច្ចុប្បន្ន ប្រកួតបានចំនួន ១០ជុំហើយ។ ការប្រកួតផ្លូវការ គឺមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ ឆ្នាំ២០២១នេះ៕
ដោយ៖ សិលា