ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ រយៈពេល ៤ថ្ងៃកន្លងមក ប្រធានគណៈកម្មការរៀបចំការប្រកួតលោក Chan Khun Sing Joseph បានធ្វើការវាយតម្លៃខ្ពស់ ចំពោះមន្ដ្រីគណៈកម្មការបច្ចេកទេសកម្ពុជាថា មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរៀបចំការប្រកួតអន្ដរជាតិនានា។ នេះបើយោងតាមផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព នៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
ការលើកឡើងរបស់អ្នកជំនាញជនជាតិសិង្ហបុរីខាងលើ ក្រោយព្រឹត្តិការណ៍ប្រចាំតំបន់នេះ បានដំណើរការប្រកួតរយៈពេល ៤ថ្ងៃ គិតត្រឹមថ្ងៃទី១៦ ខែធ្នូនេះ មុនឈានដល់ការប្រកួតថ្ងៃចុងក្រោយ នាថ្ងៃទី១៧ ខែធ្នូស្អែក ។ ប៉ុន្ដែគួរឲ្យស្ដាយ សម្រាប់ការប្រកួតថ្ងៃទី៤ នេះ ដោយសារបញ្ហាខ្យល់មិនគ្រប់គ្រាន់ស្របតាមស្ដង់ដារអាចប្រកួតបាន គណៈកម្មការក៏សម្រេចលុបចោល ដោយមិនគិតលទ្ធផលឡើយ។
អ្នកជំនាញរៀបចំព្រឹត្តិការណ៍អន្ដរជាតិធំៗ និងជាតំណាងប្រទេសសហម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងនៅកម្ពុជានេះ បានគូសបញ្ជាក់ថា ក្រោយដំណើរការប្រកួតប៉ុន្មានថ្ងៃមកនេះ គណៈកម្មការបច្ចេកទេសកម្ពុជា ធ្វើបានយ៉ាងល្អលើការងារបច្ចេកទេស ពោលគឺមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចរៀបចំការប្រកួតអន្ដរជាតិដោយខ្លួនឯងបានប្រកបដោយលក្ខណៈស្ដង់ដារ។
លើសពីនេះ លោក Chan Joseph ក៏បានថ្លែងកោតសរសើរ ចំពោះសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលរៀបចំការប្រកួតអន្ដរជាតិផងដែរ ព្រោះកម្ពុជាមានអំណោយផលដ៏ល្អសម្រាប់ទីលានស្ដង់ដារអន្ដរជាតិ នៃតំបន់ឆ្នេរដ៏ស្រស់ស្អាត ហើយព្រមទាំងរៀបចំទទួលបដិសណ្ឋាកិច្ចចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ប្រកបដោយភាពកក់ក្ដៅទៀតផង។
គួរដឹងថា ការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ាននេះ មានអត្តពលិក ២៧នាក់ មកពី ៣ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី(សហម្ចាស់ផ្ទះ) និងម៉ាឡេស៊ី ដែលធ្វើការប្រកួតលើ ៥វិញ្ញាសា ។ បច្ចុប្បន្នកីឡាករកម្ពុជា ប៉ាល់ សិលា កំពុងធ្វើបានយ៉ាងល្អលើវិញ្ញាសា RS:One ដោយឈរចំណាត់ថ្នាក់លេខ១ ចំនួន ៣ថ្ងៃជាប់គ្នា ក្រោយដំណើរការប្រកួតបាន ១០ជុំ ហើយគេបានប្ដេជ្ញានឹងខំប្រឹងបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមមេដាយមាសជូនជាតិ៕
ដោយ៖ សិលា