ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងខេត្តស្វាយរៀង ​ថ្លែងអំណរគុណ ចំពោះ​បងប្អូន ដែលជា កម្មករ របស់​ក្រុមហ៊ុន​ទាំងអស់ នាពេល​កន្លងមក បាន​ជួយ​សំអាត ទាំង​មុន និង​ក្រោយ ទីតាំង ដែល​បាន​យក​ធ្វើជា​មណ្ឌល ព្យាបាល​ជំងឺ​កូ​វីដ-​១៩ កំរិត​ស្រាល​

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក តូច ប៉ូ​លី​វ៉ា អភិបាលរងខេត្តស្វាយរៀង ​ថ្លែងអំណរគុណ  ចំពោះ​បងប្អូន ដែលជា កម្មករ របស់​ក្រុមហ៊ុន​ទាំងអស់ នាពេល​កន្លងមក បាន​ជួយ​សំអាត ទាំង​មុន និង​ក្រោយ ទីតាំង ដែល​បាន​យក​ធ្វើជា​មណ្ឌល ព្យាបាល​ជំងឺ​កូ​វីដ-​១៩ កំរិត​ស្រាល​។

ការ​ថ្លែងបែបនេះធ្វើឡើងនារសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ក្នុងឱកាសលោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង ប្រធាន​ផ្នែក ក្រៅ​ប្រព័ន្ធ នៃ​ក្រុមការងារ​បក្ស​ខេត្ត តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត ​អញ្ជើញ​ចុះ សួរសុខទុក្ខ និង​ចែក អំណោយ ដល់​បុគ្គលិក កម្មករ ក្រុមហ៊ុន​ហាយ​ប្រ៊ី​ដ ហ្គា​ប៊ែ​ដ ចំនួន ៧៥ នាក់ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​។

នាឱកាសនោះមានការចូលរួមពីលោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត លោក កើត សារឿន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​លោក គីម ឡេង អគ្គនាយក ក្រុមហ៊ុន ហាយ​ប្រ៊ី​ដ ហ្គា​ប៊ែ​ដ និងសមត្ថកិច្ចដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។

​លោក គីម ឡេង អគ្គនាយក ក្រុមហ៊ុន ហាយ​ប្រ៊ី​ដ ហ្គា​ប៊ែ​ដ បាន​ឲ្យ​ដឹងថាៈ ក្រុមហ៊ុន ហាយ​ប្រ៊ី​ដ ហ្គា​ប៊ែ​ដ​ខូ​អិ​ល​ម៏ ឌី បាន​បង្កើតឡើង នៅ​ឆ្នាំ​២០១៥ ដែលមាន​បុគ្គលិក បំរើកា​រងារ ចំនួន ១០ នាក់ បច្ចុប្បន្ន ក្រុមហ៊ុន មាន​បុគ្គលិក ចំនួន ៧៥ នាក់ និង​បាន​ដំណើរការ ប្រតិបត្តិការ លើ​ការប្រមូល​សម្រាម នៅក្នុង​ក្រុង​បាវិត ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង និង​ស្រុក​កំរៀង ខេត្តបាត់ដំបង ។​

​ដោយសារ​មើលឃើញ​ពី​ការរីកចំរើន លើ​វិស័យ​ឧស្សាហកម្ម មានការ​កើនឡើង ជា​លំដាប់ និង​ដោយមាន​ការយកចិត្តទុកដាក់ ចំពោះ​ការងារ​កន្លងមក រួមទាំង​ការជួយ ជ្រោមជ្រែង​ពី​សំណាក់ លោក​ប្រធាន​មន្ទីរ​បរិស្ថាន ផងដែរ​នោះ ក្រុមហ៊ុន ហាយ​ប្រ៊ី​ដ ហ្គា​ប៊ែ​ដ បាន​ចុះបញ្ជី​ស្នើសុំ​អនុញ្ញាត បង្កើត​ទីលាន និង ប្រកប​អាជីវកម្ម​ដឹកជញ្ជូន សម្រាប់​សេវា​ប្រមូល សំណល់​ឧស្សាហកម្ម នៅ​ខែធ្នូ ឆ្នាំ​២០២០​។

​លោក​បាន​បន្តទៀតថាៈ ក្រុមហ៊ុន មាន​ទីតាំង​ចាក់សម្រាម ចំនួន​ពីរ​កន្លែង ទីតាំង​ទី​១ មាន​ផ្ទៃដី​ចំនួន ៤,៥ ហិកតា ស្ថិតនៅ​ភូមិ​ច្រកម្ទេស សង្កាត់​បាវិត សម្រាប់​សំណល់ សាធារណៈ និង​ទី​តាំងទី​២ មាន​ផ្ទៃដី​ចំនួន ៦ ហិកតា ស្ថិតនៅ​ភូមិ​ធ្លក សង្កាត់​ច្រកម្ទេស សម្រាប់​សំណល់​ឧស្សាហកម្ម​។

ចំពោះ​ដំណើរការ​ប្រតិបត្តិការ ប្រមូល​សម្រាម​របស់ ក្រុមហ៊ុន គឺ​តាមផ្លូវ​សាធារណៈ តាម​ខ្នង​ផ្ទះ មាន​ចំនួន ៦០០ គ្រួសារ ព្រមទាំង​ទីតាំង ប្រកប​អាជីវកម្ម មួយចំនួនទៀត មានដូចជា សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន រោងចក្រ ក្នុង​ក្រុង​បាវិត​។

​លោក តូច ប៉ូ​លី​វ៉ា អភិបាលរងខេត្តស្វាយរៀងមានមតិសំណេះសំណាលដល់បងប្អូន​ដែលជា​កម្មករ ប្រមូល​សំរាម​របស់ ក្រុមហ៊ុន ហាយ​ប្រ៊ី​ដ ហ្គា​ប៊ែ​ដ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ចូលរួម​សម្អាត អនាម័យ នៅក្នុង​ក្រុង​បាវិត ដែល​ធ្វើ​ឲ្យ​បរិស្ថាន​ល្អ និង​លើកកម្ពស់​មុខមាត់​ក្រុង​បាវិត ក៏​ជា​ប្រទេស​កម្ពុជា​យើង ដែលមាន​ភ្ញៀវទេសចរ ធ្វើដំណើរ​តាម​ក្រុង​បាវិត ឆ្លងកាត់​ទាំង ក្នុង​ខេត្ត ក្រៅ​ខេត្ត​។​

លោកបន្តថា  រដូវ​នេះ គឺជា​រដូវ​ត្រជាក់ ហើយ​បងប្អូន កម្មករ ប្រមូល​សំរាម នៅពេល​ព្រឹក ត្រូវ​ចេះ​ថែរក្សា​សុខភាព ឲ្យ​បានល្អ ដើម្បី​កុំ​ឲ្យ​កើត ជំងឺ​ផ្តាសាយ ជាពិសេស គឺ​ការពារ​កុំឱ្យ​ឆ្លង​ជម្ងឺ​កូ​វីដ-​១៩ ឲ្យ​សោះ ពីព្រោះថា បើ​យើង​ឈឺ វា​នាំ​ឲ្យ​ខាតបង់ ទាំង​ពេលវេលា និង​ថវិកា ក្នុងការ​ព្យាបាល​។

​សូមបញ្ជាក់ថា​ដើម្បី​ជា​ចំណងដៃ​សំរាប់ បុគ្គលិក​ក្រុមហ៊ុន​ចំនួន ៧៥ នាក់ ក្រុមការងារ ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​ក្រុមការងារ​បក្ស​ខេត្ត បាន​នាំមក​នូវ​ឃី​ត អង្ករ និង ថវិកា មួយចំនួន យកមក​ចែកជូន​យ៉ា​ងមានភាពស្និតស្នាលផងដែរ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖