ព័ត៌មានទាន់ហេតុការណ៍៖

បំណងបាញ់សម្លាប់តែម្ដង​!! ខណៈជិះម៉ូតូអក់ស័រគ្នាមិនប៉ះគ្នាផង​ ខ្មាន់កាំភ្លេីងម្នាក់ដកកាំភ្លេីងខ្លីបាញ់បុរសម្នាក់ចំនួន៣គ្រាប់ឲ្យរងរបួសធ្ងន់

ចែករំលែក៖

   ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ​ បន្ទាប់ពីជិះម៉ូតូឌុបប្រពន្ធកូន២នាក់អក់ស័រនិងម៉ូតូមួយគ្រឿងទៀតមិនទាន់ប៉ះគ្នាផង​ ត្រូវជនដៃដល់ម្នាក់ខឹងដកកាំភ្លេីងខ្លីបាញ់ចំនួន៣គ្រាប់​ទាំងប្រពន្ធនិងកូន​នៅក្បែរ បង្កការភ្ញាក់ផ្អេីលជាខ្លាំងនៅវេលាម៉ោង១០យប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ ចំណុចស្តុបអតីតស្ពានដែកចំការដូង​ តាមបណ្ដោយផ្លូវ៣៧១​ កែងផ្លូវ២១៧​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    បុរសរងគ្រោះមានឈ្មោះ​ ឡាយ​ សៀកឡេង​ អាយុ៣២ឆ្នាំ​ ស្នាក់នៅផ្ទះលេខ៣៥៧ ផ្លូវជាតិលេខ៥​ ភូមិមិត្តភាព​ សង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ​ ។ រីឯប្រពន្ធនិងកូន២នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុនោះគឺ​ គេឃេីញបុរសជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាស្គូពី​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ​ 1IV-5692 បានដឹកប្រពន្ធនិងកូន២នាក់​ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៧១​ ទិសដៅពីកេីតមកលិច​ ខណៈមកដល់ស្តុបត្រង់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជាជនដៃដល់​ ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាស្គូពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1GU-9897 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីជេីងមកត្បូង​និងបំណងបត់ទៅផ្លូវ៣៧១វិញ​ ក៏ស្រាប់តែអក់ស័រគ្នាបន្តិច​ តែមិនបានបុក​ ឬប៉ះគ្នានោះទេ​ ។ 

    ប្រភពដដែលបានបន្តថា​ ក្នុងអំឡុងពេលនោះក៏មានការប៉ះសម្ដីគ្នាបន្តិចបន្តួចផងដែរ​ ទេីបធ្វេីឲ្យជនដៃដល់ដកកាំភ្លេីងខ្លីបាញ់ទៅលេីបុរសម្នាក់ទាំងប្រពន្ធកូននៅក្បែរចំនួន៣គ្រាប់​ចំ ពោះ​ និងដៃ​ រងរបួសយ៉ាងធ្ងន់ធ្ងរ​ ។ ភ្លាមៗជនដៃដល់បានជិះម៉ូតូគេចចេញពីកន្លែងកេីតហេតុដល់ផ្លូវបេតុង​ ក្នុងបុរីលឹមឈាងហាក់​ នៃសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ទេីបទុកម៉ូតូចោលគេចខ្លួនបាត់ស្រមោល​ ។ 

    ក្រោយកេីតហេតុ​ ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លេីងរងរបួសធ្ងន់នោះ​ ត្រូវបានរថយន្តសាមុយដឹងយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ​ផងដែរ​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន​ និងផ្នែកជំនាញបានចុះមកប្រមូលវត្ថុតាងដែលពាក់ព័ន្ធយកទៅរក្សាទុក​ ដេីម្បីធ្វេីការស្រាវជ្រាវ​តាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខានតែបាន​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖