ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធបទល្មើស ខ្ចីលុយដើម៥មុឺនដុល្លារឡើងលុយការដល់៩មុឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ម ច័ន្ទវណ្ណៈ នាល្ងាចថ្ងៃទី ១៦ធ្នូ ឆ្នាំ២០២១នេះ បាមចេញដីកាសម្រេចឃុំខ្លួនស្ត្រីម្នាក់ដាក់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ពាក់ព័ន្ធនិងការខ្ចីលុយចងការប្រាក់ដាក់ប្លង់ដីបញ្ចាំ ពីប្រាក់ដើម៥មុឺនដុល្លាររហូតដល់ឡើងការប្រាក់ដល់៩មុឺនដុល្លារ ។

    ជនត្រូវចោទដែលចៅក្រមតុលាការដ៏មហិមាសម្រេចឃុំខ្លួនឈ្មោះ អោម ចាន់ណា អាយុ៤២ឆ្នាំ មានមុខរបរជាអ្នកលក់បាយ ម្ហូប មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

    ស្ត្រីឈ្មោះ អោម ចាន់ណា ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញចាប់ខ្លួនតាមដីកាបង្គាប់របស់ចៅក្រមតុលាការឈ្មោះ ម៉ម ច័ន្ទវណ្ណៈ ហើយត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១៦ធ្នូនេះ ។ ក្នុងនោះក្រោយពីធ្វើការសាកសួរចប់ ចៅក្រមស៊ើបសួរបានចេញដីកាឃុំខ្លួនជនត្រូវចោទភ្លាម តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៩១៤៨ ឋដឃដ ចុះហត្ថលេខាដោយចៅក្រម ម៉ម ច័ន្ទវណ្ណៈ ក្រោមបទចោទប្រកាន់ រំលោភលើទំនុកចិត្ត ។

     ពាក់ព័ន្ធនិងការឃុំខ្លួនជនជាប់ចោទ ប្រភពពីសាលាដំបូងបានឱ្យដឹងថា កាលពីសម័យមុនមេរោគកូវីដ-១៩រាតត្បាត ឈ្មោះ អោម ចាន់ណា បានខ្ចីប្រាក់ពីជនជាតិវៀតណាមម្នាក់ចំនួន៥មុឺនដុល្លារដើម្បីរកសុី ក្រោមរូបភាពចងការប្រាក់ដោយដាក់ប្លង់ដីបញ្ចាំមួយកន្លែងនៅសង្កាត់បាក់ខែងមានទំហំ៧ម៉ែត្រគុណនិង៥០ម៉ែត្រ មានតម្លៃប្រហែល២០មុឺនដុល្លារនាពេលបច្ចុប្បន្ន ។ 

ប្រភពបានឱ្យដឹងទៀតថា មុនដំបូងដំណើរការសងបំណុលទៀងទាត់ លុះដល់កូវីដ-១៩ចូលមកដល់ស្រាប់តែកូនបំណុលគ្មានប្រាក់បង់ការប្រាក់រហូតដល់សព្វថ្ងៃជាហេតុធ្វើឱ្យការប្រាក់ឡើងដល់៤មុឺនដុល្លារ បូកទាំងប្រាក់ដើម៥មុឺនទៀតសរុបបំណុលឡើងដល់៩មុឺនដុល្លារ ឈ្មោះ អោម ចាន់ណា គ្មានមធ្យោបាយសង ក៏ទៅសុំប្លង់ដីពីម្ចាស់បំណុលដើម្បីដាក់បញ្ចាំនៅធនាគារយកប្រាក់មកសង តែម្ចាស់បំណុលមិនព្រមព្រោះចង់បានដីដែលកូនបំណុលបញ្ចាំនោះដាច់តែម្ដង ក៏ប្ដឹងមកតុលាការចាប់ខ្លួនឈ្មោះ អោម ចាន់ណា ដាក់ឃុំតែម្ដងដើម្បីដាក់សម្ពាធ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖