សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្លិបបាល់ទាត់បានចំណាយប្រាក់ចំនួន៥០០.៨លានដុល្លារអាមេរិកសម្រាប់ថ្លៃសេវាដល់ភ្នាក់ងារកីឡាករក្នុងឆ្នាំ២០២០ច្រើនជាងឆ្នាំមុន ទោះបីជាការចំណាយលើការផ្ទេរកីឡាករធ្លាក់ចុះក៏ដោយក៏។
នៅក្នុងរកបាយការណ៍បានបន្តថា ការចំណាយរបស់ក្លិបលើថ្លៃផ្ទេរបានធ្លាក់ចុះសម្រាប់ឆ្នាំទី២ជាប់ៗគ្នា ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ប៉ុន្តែការថយចុះនេះមិនបានបន្តដល់ការចំណាយលើថ្លៃសេវាអន្តរការី ដែលនៅតែមានកម្រិតដដែល ដូចក្នុងឆ្នាំ២០២០បានកើនឡើងបន្តិចត្រឹម០,៧ភាគរយ។
ក្លិបអឺរ៉ុបមានចំនួន៩៥.៨ភាគរយនៃចំនួនសរុបដែលបានចំណាយលើថ្លៃសេវាអន្តរការីជាមួយនឹងក្លិបមកពីប្រទេសអង់គ្លេស (១៣៣.៣លានដុល្លារអាមេរិក), ក្លិបនៅអាល្លឺម៉ង់ (៨៤.៣លានដុល្លារ), ក្លិបនៅអុីតាលី (៧៣.៥លានដុល្លារអាមេរិក), ក្លិបនៅអេស្ប៉ាញ (៣៤.៨លានដុល្លារ), ក្លិបនៅបារាំង (៣០.៣លានដុល្លារអាមេរិក) និងក្លិបព័រទុយហ្គាល់ (២៩.៣លានដុល្លារ) ដែលសរុបមាន៧៧ភាគរយនៃចំនួនក្លិបសរុបនៅទូទាំងពិភពលោក។
របាយការណ៍របស់ FIFA ធ្វើឡើងនៅពេលដែលស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះកំពុងស្វែងរកការកែប្រែច្បាប់សម្រាប់ភ្នាក់ងារបាល់ទាត់។ សេចក្តីព្រាងទី៣នៃការផ្លាស់ប្តូរត្រូវបានផ្សព្វផ្សាយនិងចេញសម្រាប់ការពិគ្រោះរួមបញ្ចូលទាំងការគម្រោងអាជ្ញាបណ្ណ និងលើការទូទាត់ដែលត្រូវឆ្លងកាត់ប្រព័ន្ធរបស់ FIFA Clearing House ផងដែរ។
ចំពោះថ្លៃសេវារបស់ភ្នាក់ងារនឹងត្រូវបានកំណត់ត្រឹម១០ភាគរយនៃការទូទាត់ដែលទាក់ទងនឹងការផ្ទេរកីឡាករទាំងអស់ និង៣ភាគរយនៃប្រាក់ខែរបស់កីឡាករសម្រាប់សេវាកម្ម។ សំណើនេះត្រូវបានរិះគន់ដោយភ្នាក់ងារកីឡាករល្បីៗមួយចំនួន ប៉ុន្តែនឹងត្រូវដាក់ទៅក្រុមប្រឹក្សាគ្រប់គ្រងរបស់ FIFA ដើម្បីអនុម័តនៅឆមាសទីមួយនៃឆ្នាំ២០២២ ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)