ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា មកទល់ពេលនេះ​ អ្នកជំងឺកូវីដ-១៩​ ប្រភេទអូមីក្រុង​ មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ​

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)បានបញ្ជាក់ថា មកទល់ពេលនេះ​ អ្នកជំងឺកូវីដ-១៩​ ប្រភេទអូមីក្រុង​ មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ​ ហេីយក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់តាមដានសុខភាពគាត់។ យេីងរកឃេីញអូមីក្រុងតែមួយករណីនេះទេ។

សូមបងប្អូនកុំភ័យពេក​ តែក៏កុំហ៊ានពេកដែរ​ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តវិធានការ​ “៣ការពារ​ និង៣កុំ​ បូកជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩​ ឱ្យបានគ្រប់ដូសមូលដ្ឋាន​ និងដូសទីបី​ នៅពេលដល់វេនលោកអ្នក”​ ដេីម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ ជាពិសេសពពួកបំប្លែងខ្លួនថ្មី​ និងដេីម្បីនិរន្តរ៍ភាពយូរអង្វែងនៃការរស់នៅធម្មតាតាមប្រក្រតីថ្មីនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ទាក់ទងស្ថានភាពជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុនសែន ធ្លាប់បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង» តែមិនត្រូវស្លន់ស្លោខ្លាំងពេកនោះទេ។

សម្តេចតេជោបានថ្លែងថា ការធ្លាក់ចុះនៃការរាតត្បាតជំងឺកូវីដ-១៩ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងក្រុមហ៊ុននានា ជាពិសេសការចូលរួមបរិច្ចាគថវិកាក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ និងបានអរគុណដល់បណ្ដាប្រទេសមួយចំនួនដែលបានផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជា ទាំងជំនួយ ទាំងការបញ្ហាទិញ ជាពិសេសប្រទេសចិនដែលបានផ្តល់ច្រើនជាងគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការវ៉ាក់សាំងមិនទាន់គ្រប់គ្រាន់ទេ ត្រូវតែបន្តការប្រកាន់ខ្ជាប់វិធានការ «៣ការពារ និង៣កុំ»។
ចំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,២៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៩៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៩៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩៦,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,៨៨% ៕

ដោយ៖ សិលា


ចែករំលែក៖