ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេស អាមេរិក មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

ចែករំលែក៖

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ អង់គ្លេសបានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ៨៨.៣៧៦នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីផ្ទុះកូវីដ-១៩មកទល់ពេលនេះ។ ជាមួយការឆ្លងយ៉ាងច្រើននោះធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសអង់គ្លេសកើនឡើងដល់ទៅជាង ១១លាននាក់ និងស្លាប់ជាង១៤៦ពាន់នាក់។
ក្នុងចំណោមករណីឆ្លងថ្មី មាន ១.៦៣១នាក់ឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ហើយនេះជាករណីឆ្លងអូមីក្រុងច្រើនបំផុតចាប់តាំងពីបង្ហាញវត្តមាននៅក្នុងប្រទេសអង់គ្លេសមក។ គិតមកទល់ពេលនេះ អ្នកឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុង កើនឡើងដល់ទៅ១១.៧០៨នាក់ ។
ចំណែកនៅអាមេរិកវិញ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប១៤៤,៨៧១នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៩៩៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥១,៤៣៥,៦៥២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨២៤,៥២០នាក់ និងជាសះស្បើយឡើងសរុបជាង ៤០.៤លាននាក់។
បន្ទាប់ពីបានជួបពិភាក្សាជាមួយទីប្រឹក្សាផ្នែកសុខាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃ១៦ខែធ្នូ ប្រធានាធិបតី ចូ បៃឌិន បានប្រកាសប្រាប់ប្រជាជនថា ការចាក់វ៉ាក់សាំងដូសជំរុញមិនមែនជារឿងថ្មីឡើយ ដូច្នេះលោកអំពាវនាវឱ្យប្រជាជនទាំងឡាយប្រញាប់ទៅទទួលការចាក់ឱ្យបានលឿនបំផុត។ ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា «យើងកំពុងសម្លឹងមើលឃើញរដូវរងាដែលពោរពេញដោយអ្នកជំងឺឈឺធ្ងន់ និងស្លាប់… ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងពេញលេញ រួចចាក់បន្ថែមដូសជំរុញទៀតនោះ អ្នកអាចការពារខ្លួនឯងពីការឈឺធ្ងន់ និងស្លាប់បាន»៕ ដោយ៖ធីរីណា

រូបថត៖AP

 

រូបថត៖New Sky


ចែករំលែក៖