ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខូណ្ឌទូទាំងប្រទេស នៅវេលាម៉ោង០៨ព្រឹកថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់- ទទួល បរិក្ខារពេទ្យ និងសម្ភារការិយាល័យ ពីសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និង សប្បុរសជន តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ ជូនមន្ទីរពេទ្យបង្អែកចតុមុខ។
ក្នុងកម្មវិធីនេះប្រារព្ធឡើងនៅ ក្នុងបរិវេណ មន្ទីរពេទ្យបង្អែកចតុមុខ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ដោយមានការចូលរួមពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញផងដែរ។
សូមជម្រាបថា កាលពីយប់មិញនេះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់ថា មកទល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ហេីយក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់តាមដានសុខភាពគាត់។ យេីងរកឃេីញអូមីក្រុងតែមួយករណីនេះទេ។ សូមបងប្អូនកុំភ័យពេក តែក៏កុំហ៊ានពេកដែរ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ បូកជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូសមូលដ្ឋាន និងដូសទីបី នៅពេលដល់វេនលោកអ្នក” ដេីម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងខ្លួនថ្មី និងដេីម្បីនិរន្តរ៍ភាពយូរអង្វែងនៃការរស់នៅធម្មតាតាមប្រក្រតីថ្មីនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩៕
ដោយ៖ស តារា