ខេត្តកណ្ដាល៖ បុរសម្នាក់ពុំដឹងជាមានមូលហេតុអ្វីបានជាយកផ្លែឡាមមកអារ.កធ្វើអត្តឃាតខ្លួនឯងគួរឲ្យរន្ធត់ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២និង០៣នាទី នៅចំណុចផ្ទះរបស់ឈ្មោះ វ៉ាន់ ប៊ុនធឿន ស្ថិតនៅក្នុងភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថាជនរងគ្រោះឈ្មោះ វ៉ាន់ ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យកមានផ្លែឡាមចំនួន០១។
ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ ង៉េង ចាន់ណា ត្រូវជាប្រពន្ធរបស់ឈ្មោះ វ៉ាន់ ប៉ុនធឿនដែលជា ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឱ្យដឹងថា កន្លងមកជនរងគ្រោះធ្លាប់បានធ្វើសកម្មភាពវះពោះសម្លាប់ខ្លួនឯងម្តងរួចមកហើយ កាលពី២ខែមុន តែមិនបានសម្រេចដោយត្រូវបានក្រុមគ្រួសារជួយសង្គ្រោះទាន់ ។ លុះនៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ទាំងពីរនាក់ប្ដីប្រពន្ធបានសំងំដេកក្នុងផ្ទះរបស់ខ្លួនជាមួយគ្នាជាធម្មតា ។ ស្រាប់តែនៅវេលាម៉ោង ៣និង០០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឈ្មោះ ង៉េង ចាន់ណា ត្រូវជាប្រពន្ធបានភ្ញាក់ដឹងខ្លួន ស្រាប់តែឃើញប្តីរបស់ខ្លួនកំពុងអង្គុយនៅចុងជើង ហើយបានឃើញឈាមហូរនៅនឹងកររបស់ប្តីខ្លួន ក៏បានធ្វើការសួរនាំ ពេលនោះប្តីរបស់ខ្លួនបានឆ្លើយថា «ខ្ញុំយកឡាមអារ.កដោយខ្លួនឯង» ពេលនោះប្រពន្ធបានឃាត់ហើយលួងលោមប្ដីឱ្យសំងំដេកវិញ ។ រហូតមកដល់ម៉ោង១២ និង០៣នាទីថ្ងៃខែឆ្នាំដដែលឈ្មោះ ង៉េង ចាន់ណា បានត្រឡប់មកពីស៊ីឈ្នួលកាត់បន្លែអោយគេវិញ ក៏ប្រទះឃើញប្ដីរបស់ខ្លួន (ជនរងគ្រោះ) កំពុងធ្វើសកម្មភាពអារ.កខ្លួនឯងនៅក្នុងផ្ទះ ក៏ស្រែកឃាត់ប្ដីរបស់ខ្លួន និងបានស្រែកហៅបងប្អូន ម្តាយ និងអ្នកជិតខាងឱ្យមកជួយប្ដីរបស់ខ្លួន តែប្តីរបស់ខ្លួនបានដាច់ខ្យល់ស្លាប់ទៅហើយ ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយប្រទាល សហការជាមួយកម្លាំងជំនាញផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុ បានចុះទៅដល់កន្លែងកើតហេតុ ដោយមានការចូលរួមពី គ្រូពេទ្យឃុំ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ បានធ្វើការពិនិត្យសាកសពឃើញមាន ៖ស្នាមរបួសមុតបំពង់ក០១កន្លែង ប្រវែង ១១ ស.ម, មុខកាត់៤ ស.ម ដាច់បំពង់ខ្យល់ត្រង់គ្រាប់ពោន ។
ការសន្និដ្ឋាន: សាកសពរបួសដោយដាច់បំពង់ខ្យល់ធ្ងន់ធ្ងរ (ដោយធ្វើអត្តឃាត) ។ ក្រោយធ្វើការពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាងជ័យ