ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសថៃរួចហើយ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក អ៊ឹមផាយ គីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណះដែលលោកត្រូវចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
លោក គីនដាវង្ស បានគោរពជម្រាបជូនសម្តេចតេជោថា លោក បានមកបំពេញបេសកកម្មនៅកម្ពុជាជាង៣ឆ្នាំមកហើយ ហើយក្នុងរយៈពេលជាង៣ឆ្នាំនេះ លោកសូមគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ធ្វើឲ្យឯកឧត្តមបានបំពេញបេសកកម្មកាទូតនៅកម្ពុជា ទទួលបានជោគជ័យ។ លោក គីនដាវង្ស ក៏បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា រយៈពេលជាង ៣មកនេះ លោកបានឃើញកម្ពុជា មានការអភិវឌ្ឍជាលំដាប់ ក្នុងន័យនេះ លោក សូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាជាពិសេស សម្តេចតេជោ ដែលបានដឹកនាំកម្ពុជា ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះដែរ លោក គីនដាវង្ស ក៏បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោផងដែរ ដែលបានផ្ដល់ជាជំនួយដល់ប្រជាជន និងរដ្ឋាភិបាលឡាវ ជាវ៉ាក់សាំង ជារថយន្ត និងជាថវិកា រួមទាំងគ្រឿងបរិក្ខាផងដែរនាពេលកន្លងមកនេះ ។ លោកមានប្រសាសន៍ថា ប្រជាជនឡាវ រដ្ឋាភិបាលឡាវ ពិតជាមានសេចក្ដីរីករាយ និងដឹងគុណជាអនេកប្បការផងដែរ។ លោក គីនដាវង្ស ក៏បានគោរពថ្លែងអំណរគុណសម្ដេចតេជោជាថ្មី ហើយបានសំដែងការអបអរសាទរចំពោះចំណុចជោគជ័យដែលទទួលបានយ៉ាងត្រចះត្រចង់ពីកិច្ចប្រជុំអាស៊ានកន្លងមក និងជូនពរសម្ដេចតេជោ ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀត ក្នុងការដឹកនាំធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ខាងមុខ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោក គីនដាវង្ស នូវពាក្យពេចន៍ដ៏ល្អ ហើយបានជម្រាបជូនឯកឧត្តមថា សម្ដេចសូមវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោក គីនដាវង្ស នៅព្រះរាជាណាចក្រកម្ពុជា ដែលលោកបានធ្វើការយ៉ាងច្រើន ជាពិសេសចូលរួមចំណែកក្នុងការពង្រីក-ពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ, ពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយចំពោះជំនួយដែលកម្ពុជា បានជូនដល់ប្រជាជន និងរដ្ឋាភិបាលឡាវនោះ សម្ដេចបានមានប្រសាសន៍ថា នេះគឺជាជំនួយជួយដល់បងប្អូននៅពេលដែលបងប្អូនកំពុងតែមានសេចក្ដីត្រូវការ។សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ឯកឧត្តម គីនដាវង្ស សូមទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងបេសកកម្មរបស់លោក ៕
ដោយ៖ សុខ ខេមរា