ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសំណុំរឿងរបស់ ជនសង្ស័យម្នាក់ ឈ្មោះ ងួន ផល្លា ប៉ូលិសស័ក្តិ៣ ប៉ុស្តិ៍ព្រែកតាសេក ដែលកម្លាំងនគរបាលខណ្ឌឬស្សីកែវបានធ្វើការឃាត់ខ្លួន និងបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ចាប់ជនរងគ្រោះឱបឲ្យកូនប្រុសរបស់ខ្លួននឹងបក្សពួកជាច្រើននាក់ព្រួតគ្នាវាយទាត់ធាក់តាមអំពើចិត្តបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់។
សូមបញ្ជាក់ថា មុនពេលដែលសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួន លោក ងួន ផល្លា ប៉ូលិសស័ក្ដិ៣ ប៉ុស្តិ៍ព្រែកតាសេក ខណ្ឌជ្រោយចង្វា គឺមូលហេតុដោយសារតែ លោក ងួន ផល្លា បានចាប់ជនរងគ្រោះឱបឱ្យកូនប្រុសរបស់ខ្លួននឹងបក្សពួកជាច្រើននាក់ព្រួតគ្នាវាយទាត់ធាក់តាមអំពើចិត្តបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែរឿងទាស់ពាក្យសំដីគ្នាតិចតួចតែប៉ុណ្ណោះ កាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីលោក អ៉ីវ ឈុន ផេង អធិការរងនៃអធិការដ្ឋានគរបាលខណ្ឌឫស្សីកែវទទួលផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា: លោកសុំគោលការណ៍ ព្រះរាជអាជ្ញាដើម្បីចាប់ឃាត់ខ្លួនបក្សពួករបស់ លោក ងួន ផល្លា ដែលបានព្រួតគ្នាប្រើអំពើហិង្សាមកលើយុវជនម្នាក់បណ្ដាលឲ្យរងគ្រោះយ៉ាងធ្ងន់នោះដើម្បីយកមកអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យ ឈ្មោះ ងួន ផល្លា កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ រង់ចាំការចោទប្រកាន់ រួចបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរបន្តទៀត៕
ដោយ ៖ រ៉ារ៉ា