ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលឡាវកំណត់ពេលវេលាបើកទ្វារប្រទេសតាម៣ដំណាក់កាល

ចែករំលែក៖

ប្រទេសឡាវ៖ រដ្ឋាភិបាលឡាវបានកំណត់ពេលវេលាបើកទ្វារប្រទេសជាតិតាមបីដំណាក់កាលគឺចាប់ផ្តើមនៅថ្ងៃទី១ខែមករាឆ្នាំ២០២២ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងរួចរាល់យ៉ាងតិច១លាននាក់នៅក្នុងឆ្នាំ២០២២ខាងមុខ។
សារព័ត៌មាន TTXVN បានផ្សាយថា ការិយាល័យនាយករដ្ឋមន្ត្រីឡាវបានប្រកាសថានឹងបើកទ្វារប្រទេសជាតិតាម៣ដំណាក់កាល ដោយដំណាក់កាលទីមួយគឺចាប់ផ្តើមនៅថ្ងៃទី១ខែមករាឆ្នាំ ២០២២, ដំណាក់កាលទីពីរនៅថ្ងៃទី១ខែមេសាឆ្នាំ២០២២ និងដំណាក់កាលទីបី នៅថ្ងៃទី១ខែមិថុនាឆ្នាំ ២០២២។
តាមគម្រោងអ្នកទេសចរចង់ទៅកម្សាន្តនៅ«តំបន់ខៀវ»នៃប្រទេសឡាវ គឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់ចំនួន២ដូសឱ្យបានមុន១៤ថ្ងៃមុនពេលចូលប្រទេសឡាវ ។ អ្នកទេសចរបរទេសគឺត្រូវសុំទិដ្ឋាការអនឡាញ ហើយត្រូវតែបញ្ជាក់ពីការធ្វើតេស្ត PCR អវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោងមុនឡើងយន្តហោះទៅកាន់ប្រទេសឡាវ។ ជាមួយគ្នានោះនឹងត្រូវធ្វើតេស្តម្តងទៀតពេលចូលដល់ទឹកដីឡាវ។
ពាក់ព័ន្ធនឹងករណីឆ្លងកូវិដ-១៩ ក្រសួងសុខាភិបាលឡាវ នៅថ្ងៃទី ១៧ខែធ្នូបានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសនេះរកឃើញអ្នកឆ្លងថ្មីចំនួន១៧០២នាក់ ក្នុងសហគមន៍ និងស្លាប់ ៤នាក់៕ ដោយ៖ធីរីណា

រូបថត៖THX/TTXVN


ចែករំលែក៖