ខេត្តសៀមរាប : កាលព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airline បានហោះហើរត្រង់មកកាន់ខេត្តសៀមរាប ដែលជាជើងហោះហើរអន្ដរជាតិដំបូងបង្អស់បន្ទាប់ពីមានវិបត្តិជម្ងឺកូវីដ១៩ រយៈពេល២០ខែកន្លងមកនេះ ។ ក្នុងកិច្ចដំណើរការហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប ក៏មានវត្តមានរបស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក សុខ សង្វា រដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមទាំងអ្នកមុខអ្នកការ បានអញ្ជើញទទួលស្វាគមន៍ភ្ញៀវអន្ដរជាតិទាំងនោះផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airline បានដឹកអ្នកដំណើរសរុប ៦៧នាក់ មកកាន់ខេត្តសៀមរាប និង អាចចាត់ទុកថា ជាទេសចរណ៍ដំបូងហើយមកកាន់ខេត្តសៀមរាប ចាប់ពីខែ មីនា ឆ្នាំ២០២០មក ដែលផ្ទុះវិបត្តិជម្ងឺកូវីដ១៩ជាសកល ។
តាមការបញ្ជាក់របស់លោក Alain Brun នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិទាំងបីរបស់ប្រទេសកម្ពុជាបានមានប្រសាសន៍ថា ដំណាក់កាលថ្មីនេះ ក្នុងកិច្ចបើកដំណើរការតភ្ជាប់អន្តរជាតិឡើងវិញ គឺជាជំហានវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។ ឱកាសនេះនឹងមិនអាចទៅរួចនោះទេ ប្រសិនបើអាជ្ញាធរកម្ពុជាមិនជ្រើសរើសសម្រាប់ការបើកដំណើរការឡើងវិញ មិនត្រឹមតែខេត្តសៀមរាបមានភ្ញៀវទេសចរណ៍កាន់តែច្រើន និង អះអាងជំហររបស់ខ្លួនថាជាគោលដៅកម្សាន្ត និងវប្បធម៌កំពូលរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែអ្នកដំណើរក៏អាចធ្វើដំណើរបានយ៉ាងងាយស្រួលរវាងប្រទេសកម្ពុជា និងទីក្រុងអន្តរជាតិផ្សេងទៀត តាមរយៈបណ្តាញហោះហើរទូទាំងពិភពលោកដ៏ធំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី នេះជាជើងហោះហើរអន្តរជាតិលើកដំបូងមកកាន់ខេត្តសៀមរាប ចាប់តាំងពីខែមីនា ឆ្នាំ ២០២០មកត្រូវបានអាក់ខានដោយជំងឺកូវីដ-១៩ ការបើកដំណើរការឡើងវិញនៃសេវាកម្មនេះ នឹងជួយកសាងឡើងវិញនូវចរាចរណ៍ផ្លូវអាកាសរវាងប្រទេសទាំងពីរ បន្ទាប់ពីខែដ៏លំបាកដែលកើតចេញពីជម្ងឺរាតត្បាត ។
លោក ទៀ សីហា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដោយសហការបានល្អ ក្នុងការរៀបចំទទួលអ្នកដំណើរនៅពេលនេះ ហើយអ្នកដំណើរទាំងអស់នឹងតម្រូវឲ្យធ្វើតេស្តរហ័ស ហើយបើមានករណីអវិជ្ជមាន ពួកគេអាចធ្វើដំណើរដោយសេរីនៅក្នុងខេត្ត ឬ តាមបណ្ដាខេត្តក្រុងនានា រីឯអ្នកវិជ្ជមានតាមឧបករណ៍តេស្ដរហ័ស គឺត្រូវយកសំណាក ដើម្បីតេស្ដម៉ាស៊ីន PCR ដែលនឹងបញ្ជាក់រយៈពេល២ទៅ៤ម៉ោងបន្ទាប់ ។
លោកអភិបាលខេត្ត ក៏មានសុទិដ្ឋិនិយមថា ការមកដល់របស់ភ្ញៀវទេសចរនៅពេលនេះ ជាសញ្ញាដ៏ល្អសម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចសៀមរាបឲ្យងើបឡើងវិញ ។ ក្នុងនោះលោកក៏បានបង្ហើប ឲ្យដឹងផងដែរថា នៅពេលឆ្លងឆ្នាំសកល២០២១ចូល២០២២ រដ្ឋបាលក្រុង ស្រុក បានសហការណ៍គ្នាធ្វើពិធីឆ្លងឆ្នាំ ដូចជា នៅរមណីយដ្ឋានសង្រ្កាន្តរយ ស្រុកវ៉ារិន ស្រុកប្រាសាទបាគង ក៏ដូចស្រុកមួយចំនួនទៀតផងដែរ ។ ក្នុងនោះដែរលោកក៏ មានការបារម្ភពីកង្វះបន្ទប់ស្នាក់នៅ ដោយសណ្ឋាគារ ផ្ទះសំណាក់មួយចំនួន នៅមិនទាន់បានធ្វើការរៀបចំនៅឡើយ ដោយ មកដល់ពេលនេះ មានភ្ញៀវមួយចំនួនធំ បានធ្វើការកក់បន្ទប់ ដើមី្បមកចូលរួមឆ្លងឆ្នាំនៅលើទឹកដីប្រវត្តិសាស្ត្រមួយនេះ ៕
ដោយ៖ សិលា