ភ្នំពេញ ៖ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួង បានរកឃើញករណីវិជ្ជមានកូវីដ-១៩បំប្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ម្នាក់ទៀត (ជាករណីទី២) ដែលមានលទ្ធផលវិភាគបពា្ជក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។
ករណីវិជ្ជមានកូវីដ-១៩ អូមីក្រុងខាងលើនេះ ត្រូវបានរកឃើញលើបុរសជនជាតិអៀរ៉ង់ អាយុ ២៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសរូបនេះ បានធ្វើទេសចរនៅ ប្រទេសកេនយ៉ា (Kenya) ប្រហែលជាមួយខែមុន ហើយចំនួន៣ថ្ងៃមុននេះ ក៏បានធ្វើដំណើរតាមជើង ហោះហើរចេញពីប្រទេសកេនយ៉ា (តំបន់អាហ្វ្រិក) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលាន យន្តហោះទីក្រុងបាងកកនៃប្រទេសថៃ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ នៅពេលមក ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាល បានធ្វើតេស្ដរហ័សលើវត្ថុ សំណាករបស់គាត់ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ជូនវត្ថុសំណាករបស់គាត់ ទៅកាន់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងនេះ។
បច្ចុប្បន្ន អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” និងចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលដល់ វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមសហគមន៍របស់យើង។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខ ភាពដែលអាចទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុ ការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខ ទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១៕
ដោយ៖សុខ ខេមរា