ពាក់កណ្តាលនៃការប្រកួតក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍ ឥឡូវនេះត្រូវបានបិទ បន្ទាប់ពីការប្រកួតចំនួន៤ទៀតត្រូវបានពន្យារពេលដោយសារតែការរីករាលដាលនៃជំងឺ Covid-19។ ការប្រកួតចុងក្រោយដែលរងផលប៉ះពាល់គឺក្រុម Southampton ប៉ះ Brentford, Watford ប៉ះCrystal Palace, West Ham ប៉ះ Norwich និង Everton ប៉ះ Leicester ។
ការប្រកួតរបស់ក្រុម Manchester United ជាមួយ Brighton នៅថ្ងៃសៅរ៍នេះត្រូវបានលុបចោល រួមជាមួយនឹងការប្រកួតរបស់ Leicester City ជាមួយ Tottenham កាលពីថ្ងៃព្រហស្បតិ៍ក៏ដូចគ្នាដែលជាផ្នែកនៃកម្មវិធីប្រកួតពាក់កណ្តាលសប្តាហ៍របស់លីគ។
កាលពីថ្ងៃពុធ គ្រូបង្វឹកក្លិប Brentford លោក Thomas Frank បានអំពាវនាវឱ្យការប្រកួតក្របខ័ណ្ឌកំពូលនៅចុងសប្តាហ៍នេះត្រូវពន្យារពេលដើម្បីអនុញ្ញាតឱ្យក្លិបដោះស្រាយការផ្ទុះឡើង ប៉ុន្តែរហូតមកដល់ពេលនេះ Premier League កំពុងទប់ទល់នឹងបញ្ហានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ការប្រកួតផ្សេងទៀតទាំងអស់ដែលនឹងត្រូវលេងនៅចុងសប្តាហ៍នេះ ត្រូវបានគេគ្រោងនឹងដំណើរការតាមការគ្រោងទុក។
កីឡាកររបស់ Liverpool ដូចជា Fabinho, Curtis Jones និង Virgil van Dijk បានខកខានការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រជាមួយក្រុម Newcastle បន្ទាប់ពីមានការសង្ស័យថា បានធ្វើតេស្តវិជ្ជមាន ទោះបីជាអ្នកចាត់ការលោក Jurgen Klopp បាននិយាយថាក្លិបមិនស្នើសុំពន្យារពេលក៏ដោយ។
ការប្រកួតផ្សេងទៀតនៅនៅថ្ងៃនោះដែររវាង Chelsea នឹង Everton បានប្រព្រឹត្តទៅបើទោះបីជាកីឡាកររបស់ក្លិប Chelsea ៤នាក់បានធ្វើតេស្តវិជ្ជមានរួមមាន Romelu Lukaku, Timo Werner, Callum Hudson-Odoi និង Ben Chilwell ដែលរងរបួសក៏ដោយ។
ការប្រកួតក្របខ័ណ្ឌកំពូលសរុបចំនួន៩ត្រូវបានលុបចោលក្នុងសប្តាហ៍មុនដូចជា ការប្រកួតរបស់ Tottenham ទល់នឹង Brighton កាលពីថ្ងៃអាទិត្យមុន, ការប្រកួតរបស់ Brentford ជាមួយក្រុម Manchester United នៅថ្ងៃអង្គារ និងការប្រកួតរបស់ Burnley ទល់នឹង Watford នៅថ្ងៃពុធ។
ក្របខ័ណ្ឌ Premier League បានអះអាងថា មានការកើនឡើងនៃករណីវិជ្ជមាន Covid-19 នៅក្លិប Leicester កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្លិប Manchester United មានការផ្ទុះឡើងករណីនេះជាបន្តបន្ទាប់ដែរ។ ក្លិប Man United បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សុខភាពរបស់កីឡាករ និងបុគ្គលិកគឺជាអាទិភាពរបស់យើង។ ដោយសារចំនួនកីឡាករ និងបុគ្គលិកគាំទ្រដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេដោយសារ Covid-19 ក្លិបមិនមានជម្រើសក្រៅពីស្នើសុំឱ្យរៀបចំការប្រកួតឡើងវិញនោះទេ។ យើងសោកស្តាយចំពោះការខកចិត្ត និងការរអាក់រអួលដែលបង្កឡើងចំពោះអ្នកគាំទ្រដោយការពន្យារពេល”៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)