កីឡាករវាយតឺន្នីសលំដាប់កំពូល Andy Murray របស់ចក្រភពអង់គ្លេសបានផ្តួលគូប្រជែងចាស់ Rafael Nadal ក្នុងសិតជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ Mubadala World Tennis Championship។ Murray វ័យ៣៤ឆ្នាំបានឈ្នះក្នុងលទ្ធផល ៦-៣ ៧-៥ ទៅលើម្ចាស់ជើងឯកធំ២០សម័យកាលនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍តាំងពិពណ៌ MubadalaWorld នៅទីក្រុង Abu Dhabi ។
ការប្រកួតនេះគឺជាការប្រកួតលើកដំបូងរបស់ Nadal ដែលមានវ័យ៣៥ឆ្នាំចាប់តាំងពីរបួសជើងបានធ្វើឱ្យគាត់ចាប់ផ្តើមប្រកួតចុងក្រោយនៃរដូវកាល២០២១។ ក្រោយជ័យជម្នះនេះ Murray នឹងត្រូវជួបជាមួយនឹងកីឡាករលេខ៥ពិភពលោករបស់រុស្សុី Andrey Rublev នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍នេះ។
Murray បាននិយាយថា “ខ្ញុំ និង Rafa Nadal បានលេងការប្រកួតដ៏ស្វិតស្វាញជាច្រើនឆ្នាំមកហើយ។ ពួកយើងទាំង២បានឆ្លងកាត់បញ្ហារបួស ហើយវាពិតជាល្អណាស់ដែលមានឱកាសនៅជាមួយគាត់នៅលើទីលានម្តងទៀត”។
ចំណែកកីឡាករ Nadal បានបន្ថែមថា “សម្រាប់ខ្ញុំ នេះគឺជាការត្រឡប់មកវិញ។ វាមិនមែនជាការប្រកួតដ៏អាក្រក់សម្រាប់ខ្ញុំនោះទេ បន្ទាប់ពីចំណាយពេលយ៉ាងយូរនៅលើទីលានអាជីពគឺខ្ញុំមានអារម្មណ៍វិជ្ជមាន”។
ម្ចាស់ជើងឯក Grand Slam ៣សម័យកាល Murray និងកីឡាករអេស្ប៉ាញ Nadal មិនបានជួបគ្នានៅទីលានទេចាប់តាំងពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Madrid Masters ក្នុងឆ្នាំ២០១៦ដោយអ្នកទាំង២ថែមទាំងនិយាយលេងសើចមុនពេលការប្រកួត ដែលអ្នកទាំងពីរអាចលេងបានល្អសម្រាប់ការប្រកួតនេះ។
សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្សេងទៀតកីឡាកររុស្ស៊ីAndrey Rublev បានយកឈ្នះកីឡាករសញ្ជាតិកាណាដា Denis Shapovalov ក្នុងលទ្ធផល ៧-៦(៥) ៣-៦ ៦-៤។
Nadal នឹងត្រូវជួបជាមួយកីឡាករ Shapovalov វ័យ២២ឆ្នាំក្នុងការប្រកួតជម្រុះជុំទី៣មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ ខណៈដែល Andrey Rublev នឹងត្រូវប៉ះកីឡាករ Andy Murray នៅវគ្គផ្តាច់ព្រ័ត្រ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)