ការវាយប្រហាររបស់កម្លាំងទាហានមីយ៉ាន់ម៉ានៅលើភូមិនៅជិតព្រំដែនថៃ បង្កឱ្យមានរលកជនភៀសខ្លួនចូលទៅកាន់ទឹកដីថៃកាន់តែច្រើនឡើងៗ។
តាមប្រភពព័ត៌មានពីកម្លាំងយោធាថៃបានឱ្យដឹងថា នៅថ្ងៃទី១៧ខែធ្នូ កម្លាំងទាហានប្រទេសថៃបានផ្ទុះអាវុធចូលទៅកាន់ទឹកដីមីយ៉ាន់ម៉ាជាការតបតនិងជាការព្រមានដល់យោធា មីយ៉ាន់ម៉ាដែលបានបាញ់ចូលក្នុងទឹកដីថៃ ។ ប្រភពព័ត៌មានបានឱ្យដឹងថា ថៃបាញ់គ្រាប់ផ្សែងពីរគ្រាប់ចូលទៅក្នុងទឹកដីមីយ៉ាន់ម៉ាដើម្បីព្រមានស្របទៅតាមច្បាប់អន្តរជាតិ ឱ្យបញ្ឈប់ការបាញ់គ្រាប់ចូលក្នុងទឹកដីថៃ ។ កម្លាំងទាហានថៃបានបញ្ជាក់ថា នេះមិនមែនជាសកម្មភាពប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានោះឡើយ។
រដ្ឋាភិបាលថៃបានប្រកាសឱ្យដឹងថា មានជនភៀសខ្លួនមីយ៉ាន់ម៉ាដល់ទៅ២៥០០នាក់បានភៀសខ្លួនចេញពីរដ្ឋ Kayin ភាគខាងកើតមីយ៉ាន់ម៉ាទៅកាន់ខេត្ត Tak នៃប្រទេសថៃ ។ រដ្ឋាភិបាលថៃបានផ្តល់ស្បៀងអាហារដល់ជនភៀសខ្លួនទាំងនោះ។
កាលពីដើមឆ្នាំ២០២១ ថៃបានបញ្ជូនជនភៀសខ្លួនមីយ៉ាន់ម៉ាចំនួន២ពាន់នាក់វិលត្រឡប់តៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។ ប៉ុន្តែលើកនេះថៃបានបញ្ជាក់ថា បានធ្វើតាម គោលការណ៍មនុស្សធម៌អន្តរជាតិ ៕ ដោយ៖ធីរីណា
រូបថត៖Reuters