ប៉ូលិសបានចាប់ខ្លួនមនុសុសម្នាក់បន្ទាប់ពីក្លិបកាំភ្លើងធំ Arsenal បានរាយការណ៍ថា អ្នកគាំទ្រម្នាក់ត្រូវបានចោទប្រកាន់ពីបទបំពានពូជសាសន៍ដែលបានជេរប្រមាថទៅកៅអីបម្រុងរបស់ពួកគេក្នុងអំឡុងពេលក្រុមកាំភ្លើងធំឈ្នះក្រុម Leeds United ៤ទល់១ ក្នុងការប្រកួតក្របខ័ណ្ឌPremier League កាលពីថ្ងៃសៅរ៍ ទី១៨ ខែធ្នូ។
ក្លិប Leeds បានបញ្ជាក់ពីការចាប់ខ្លួនដោយអះអាងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតង់ទីមួយនៃការប្រកួតនៅកីឡដ្ឋាន Elland Road។
ក្លិបបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការរើសអើងជាតិសាសន៍នឹងមិនត្រូវបានអត់ឱនឱ្យនៅ Leeds United ហើយអ្នកគាំទ្រណាដែលបានរកឃើញថា កំពុងប្រើភាសារើសអើងជាតិសាសន៍នឹងត្រូវទទួលរងការហាមឃាត់ពេញមួយជីវិតសម្រាប់ការប្រកួតទាំងអស់របស់ Leeds United” ។
កីឡាករជំនួស Rob Holding របស់ក្រុម Arsenal ត្រូវបានគេឃើញកំពុងនិយាយជាមួយមន្ត្រីការប្រកួត បន្ទាប់ពីសម្រាកកន្លះម៉ោងមុនពេលសមាជិកម្នាក់នៃបុគ្គលិកក្រុម Leeds ត្រូវបានជូនដំណឹងថា រូបគាត់ត្រូវអ្នកគាំទ្រប្រើភាសារើសអើងជាតិសាសន៍។
លោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំអាចបញ្ជាក់បាន ហើយវាត្រូវបានរាយការណ៍ទៅអ្នកគ្រប់គ្រងកីឡដ្ឋាន។ អាជ្ញាធរនឹងស៊ើបអង្កេតរឿងនោះ ហើយកីឡាករម្នាក់ដែលអង្គុយនៅកៅអីបានឮការប្រើភាសាទាំងនោះ។ ខ្ញុំមិនដឹងថា តើភាសាប្រមាថនេះសំដៅទៅលើ អ្នកណាឱ្យពិតប្រាកដនោះទេ” ។
សូមបញ្ជាក់ថា ក្រុមកាំភ្លើងធំ Arsenal ក្រោយពីឈ្នះក្រុមម្ចាស់ផ្ទះ Leeds United បានបន្តឈរនៅលេខរៀងទី៤ ក្នុងតារាង Premier League។
៤គ្រាប់របស់ក្រុមកាំភ្លើងធំរកបានដោយកីឡាករ Gabriel Martinelli២គ្រាប់គឺនៅនាទីទី១៦ និង២៨, គ្រាប់ទី៣រកបានដោយកីឡាករ Sakaនៅនាទីទី៤២ និងគ្រាប់ទី៤រកបានដោយកីឡាករ Smith Rowe នៅនាទីទី៨៤។ ចំណែកក្រុមម្ចាស់ផ្ទះ Leeds United រកបាន១គ្រាប់នៅនាទីទី៧៥ ដោយកីឡាករ Raphinha ពីការស៊ុតបាល់ពិន័យប៉េណាល់ទី ៕
ដោយ៖ ភារៈ(រូបភាព ៖ channelnewsasia.com)