ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទេសចរបរទេសចូលមកកម្សាន្តនៅក្នុងប្រទេសថៃធ្លាក់ចុះខ្លាំងដោយសារអូមីក្រុង

ចែករំលែក៖

ថៃកំពុងប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំងពីចំនួនអ្នកទេសចរ បរទេសចូលមកប្រទេសនេះចាប់តាំងពីថ្ងៃទី៨ខែធ្នូមកទល់ពេលនេះ ។ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះបានថយចុះនៅសល់ក្រោម៣ពាន់នាក់ក្នុងមួយថ្ងៃ។

លោក Yuthasak Supasorn តំណាងក្រសួងទេសចរណ៍ថៃបានលើកឡើងថា អ្នកទេសចរបរទេសធ្លាក់ចុះ ចាប់តាំងពីការផ្ទុះកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ។ ចាប់តាំងពីថ្ងៃទី ២ខែធ្នូមកអ្នកទេសចរបរទេសមកកម្សន្តនៅប្រទេសថៃ មិនដល់៣ពាន់នាក់ផងទេក្នុងមួយថ្ងៃ បើទោះបីរដ្ឋាភិបាលថៃបានបើកទ្វារស្វាគមន៍អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ក្តី។
លោកYuthasak បានឱ្យដឹងថា មនុស្សជាច្រើនបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងស្តីពីវីរុសបំប្លែងថ្មីអូមីក្រុង បើទោះបីក្រុមអ្នកជំនាញបានបញ្ជាក់ថា អូមីក្រុងមិនបង្កឱ្យធ្លាក់ខ្លួនឈឺធ្ងន់ដូចវីរុសមុនៗក៏ដោយ ។
ពាក់ព័ន្ធការឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃវិញ ក្រសួងសុខាភិបាលថៃនៅថ្ងៃអាទិត្យទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសថាបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៨៩៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ជាមួយគ្នានេះអ្នកជំងឺចំនួន ២២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ។
មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,១៩១,៥២៨ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៣៧៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១២៨,៣៥៨នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៩៨.៨៩លានដូស ក្នុងនោះប្រជាជន ៤៤.០២លាននាក់ (៦២.៩៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា

រូបថត៖AFP


ចែករំលែក៖