ភ្នំពេញ ៖ នេះបើតាម លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាន ជំហានបឋម នៅមុននេះបន្តិចថា, មានករណីក្រុមចោរប្រដាប់អាវុធចំនួន៤នាក់ នៅវេលាម៉ោង ១០៖៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជា អ៊ាន សៀវម៉ី ដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ច្រើនលានដុល្លារ។ បញ្ហានេះស្ថិតក្នុងករណីមន្ទិលសង្ស័យដែរ ហេតុអីក៏ក្រុមចោរប្លន់ ដឹងច្បាស់ពីពេលវេលាប្លន់ មានលុយច្រើនម្ល៉េះ ?
បើតាមលោកអធិការរូបនេះ, ករណីប្លន់ខាងលើ បានកើតឡើងនៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមចោរប្រដាប់អាវុធមានគ្នាចំនួន ៤នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ។
ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងបើកប្រតិបត្តិការស្រាវជ្រាវ និងស្វែងរកព័ត៌មានផ្សេងៗទៀត ហើយព័ត៌មានលម្អិតយ៉ាងណានោះ អង្គភាពព័ត៌មាន “នគរដ្រេហ្គននិងនគរវត្ត”នឹងផ្សព្វផ្សាយជូននៅពេលក្រោយ ខណៈសមត្ថកិច្ចមិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់នៃការប្លន់នេះ មានចំនួនប៉ុន្មាន ហើយបង្កឲ្យនរណាម្នាក់រងគ្រោះ ឬកំណត់មុខសញ្ញាបានហើយនៅ ? ៕
ដោយ៖ សិលា