ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ច : ករណីប្លន់អ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី គឺក្រុមចោរបន្លំជាសមត្ថកិច្ច ធ្វើជាចុះអនុវត្តសាលដីកា

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយមកលេចឬថា, ករណីប្លន់អ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី គឺក្រុមចោរបន្លំជាសមត្ថកិច្ច ធ្វើជាចុះអនុវត្តសាលដីកា ។ សមត្ថកិច្ចកំពុងសិក្សាស្រាវជ្រាវស៊ើបអង្កេតក្នុងករណីនេះ ដោយយកចិត្តទុកដាក់បំផុត។

សូមបញ្ជាក់ថា, នៅមុនពេលប្លន់យកលុយ និងគ្រឿងអលង្ការសរុបជាទឹកប្រាក់រាប់លានដុល្លារ ចេញពីផ្ទះអ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ក្រុមចោរប្រដាប់អាវុធ៤នាក់ បានបន្លំខ្លួនជាសមត្ថកិច្ច ហើយភូតកុហកថា ជាការចុះអនុវត្តសាលដីកា របៀបដីកាក្លែងក្លាយ ដើម្បីបានចូលទៅកាន់ផ្ទះជនរងគ្រោះ។ ប៉ុន្តែសមត្ថកិច្ចបានតាមដានបន្ត ខណៈផ្ទះជនរងមានកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកការពិត ។

សូមជម្រាបជូនថា, ករណីប្លន់នេះបានកើតឡើងនៅវេលាម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូឆ្មាំ២០២១ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកគ្រឿងអលង្កាពេជ្រ គិតជាទឹកប្រាក់ប្រហែលខ្ទង់លានដុល្លារ។

បើតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា, នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួននៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៤នាក់មានម្នាក់ពាក់សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីកា។

សមត្ថកិច្ចបានរៀបរាប់ទៀតថា ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សៀវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្ការ ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា សរុបទ្រព្យសម្បត្តិដែលជនសង្ស័យយកទៅមានតម្លៃប្រហែល៩លានដុល្លារ (ប្រាំបួនលានដុល្លារ) ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលជំនាញពាក់ព័ន្ធក្រសួងមហាផ្ទៃ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសហការពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីតាមចាប់ជនសង្ស័យ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព”នគរដ្រេហ្គននិងនគរវត្ត”តាមទូរស័ព្ទនៅវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ “ក្នុងករណីប្លន់ប្រដាប់អាវុធនេះ កម្លាំងជំនាញរបស់ខ្ញុំ កំពុងតែចុះស៊ើបអង្កេតធ្វើការស្រាវជ្រាវ ចុះទៅដល់ទីតាំងកន្លែងកើតហេតុ សួរនាំ ដើម្បីវែករកមុខសញ្ញានៃបទល្មើសខាងលើនេះ ” ។ លោកឧត្តមសេនីយ៍ឯក បានបន្តថា, ក្រុមការងារកំពុងចាត់ចែងក្នុងករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់របស់ខ្ញុំ ៕

ដោយ៖ សិលា


ចែករំលែក៖