ព័ត៌មានទាន់ហេតុការណ៍៖

Man City រក្សាបានជ័យជម្នះបន្តកាន់កាប់កំពូលតារាង ខណៈ Chelsea និង Liverpool បានត្រឹមស្មើ

ចែករំលែក៖

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានរិះគន់ការលេងរបស់ក្រុមរបស់គាត់ បើទោះបីជាបានផ្តួលក្រុម Newcastle ៤ទល់០ ដើម្បីកត់ត្រាជ័យជម្នះជាលើកទី៨ជាប់ៗគ្នានៃក្របខ័ណ្ឌ Premier League ក៏ដោយ។

ក្រុម Man City បានរកគ្រាប់បាល់នាំមុខត្រឹម៥នាទី ខណៈដែលខ្សែការពារ Ciaran Clark របស់ Newcastle បរាជ័យក្នុងការបញ្ជូនបាល់ពី Joao Cancelo ទៅឲ្យកីឡាករ Ruben Dias ស៊ុតបញ្ចូលទីបានសម្រេច។

នៅនាទីទី២៧ កីឡាករ Joao Cancelo របស់ Man City រកបានគ្រាប់បាល់ទី២ នៅពេលដែលកីឡាកររូបនេះស៊ុតបាល់ពីចម្ងាយផុតដៃអ្នកចាំទីក្រុម Newcastle។

ទោះបីជាយ៉ាងណាក៏ដោយលោក Guardiola បានខឹងសម្បារចំពោះការប្រកួតក្នុងតង់ទីមួយរបស់ក្រុមរបស់គាត់នៅកីឡដ្ឋាន St James’ Park។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា “តង់ទីមួយគឺជាការប្រកួតដ៏ក្រៀមក្រំបំផុតដែលយើងបានលេងក្នុងរដូវកាលនេះ។ យើងមិននៅទីនោះទេ យើងមិនបានលេងក្នុងចង្វាក់ណាមួយទេ ហើយគ្រប់គ្នាមានការប៉ះច្រើនពេក ធ្វើឲ្យបាត់បង់បាល់។ យើងមានសំណាងណាស់ ប៉ុន្តែ Newcastle ធ្វើមិនបានល្អសម្រាប់គ្រាប់ទីមួយ ហើយវាគឺជាសកម្មភាពដ៏អស្ចារ្យរបស់ Joao Cancelo សម្រាប់គ្រាប់ទី២” ។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមរបស់លោក Guardiola មានឱកាសរកបានគ្រាប់បាល់ទី៣ និងទី៤ទៀត ដោយនៅនាទីទី៦៤ កីឡាករ Riyad Mahrez បានស៊ុតបញ្ចូលទីគ្រាប់ទី៥០របស់គាត់នៅ Premier League សម្រាប់ក្លិបតាមរយៈការបញ្ជូនបាល់របស់ Oleksandr Zinchenko។ ក្រុមម្ចាស់ផ្ទះត្រូវបរាជ័យគ្រាប់ទី៤ទៀត ដែលរកបានដោយខ្សែប្រយុទ្ធ Raheem Sterling នៅនាទីទី៨៦ ជិតចប់ការប្រកួត ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Man City ឈ្នះក្រុមម្ចាស់ផ្ទះ Newcastle ៤ទល់០។

ជ័យជម្នះនេះធានាឲ្យក្រុម Man City នឹងឈរនៅលើកំពូលតារាង Premier League មាន៤៤ពិន្ទុ ក្នុង១៨ប្រកួត ហើយក្នុងឱកាសនេះកាលពីរដូវកាលឆ្នាំ២០១១-២០១២ និង២០១៧-២០១៨ ពួកគេបានបន្តក្លាយជាជើងឯក។ចំណែកក្រុម Newcastle នៅតែឈរនៅលេខរៀងទី១៩ក្នុងតារាងដោយមានតែ១០ពិន្ទុ និងចាញ់៣ពិន្ទុតាមពីក្រុម Watford ដែលស្ថិតនៅចំណាត់ថ្នាក់ទី១៧។

ចំណែកក្រុមតោខៀវ Chelsea បានត្រឹមស្មើជាមួយក្រុមម្ចាស់ផ្ទះ Wolverhampton  ០ទល់០ប៉ុណ្ណោះក្នុងការប្រកួតសប្តាហ៍ទី១៨ ដែលធ្វើឲ្យក្រុមនេះស្មើ២ប្រកួតជាប់គ្នា។

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel និយាយថា សុវត្ថិភាពកីឡាករគឺមានគ្រោះថ្នាក់ បន្ទាប់ពីក្រុមរបស់គាត់ត្រូវបានប្រកួតនៅ Premier League ទល់នឹងក្រុម Wolverhampton  កាលពីថ្ងៃអាទិត្យ បើទោះបីជាមានការផ្ទុះឡើងនៃ Covid-19 ក៏ដោយ។

ក្រុមរបស់លោក Tuchel មានសំណើសុំឱ្យមានការពន្យារពេលការប្រកួត បន្ទាប់ពីបានរាយការណ៍ករណីវិជ្ជមានជាច្រើននៅក្នុងក្លិបរបស់លោក។Chelsea មាន​កីឡាករ​ក្រៅ​ទីលាន​តែ៤​នាក់​ប៉ុណ្ណោះ​នៅ​កៅអី​បម្រុង ខណៈ​ដែល​ពួក​គេ​បាន​ស្មើ 0-0 ជាមួយ Wolves ។ ក្រោយពីស្មើគ្នា ក្រុមតោខៀវ Chelsea បន្តឈរលេខ៣ក្នុងតារាង Premier Leagueមាន៣៨ពិន្ទុ ចាញ់ក្រុមលេខ២ Liverpool ៣ពិន្ទុ និងចាញ់ក្រុមកំពូលតារាង Man City ៦ពិន្ទុ។

ដោយឡែកក្រុមហង្សក្រហម Liverpool បានត្រឹមស្មើជាមួយក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham ដែរ ក្នុងលទ្ធផល២ទល់២ ដែលការប្រកួតក្នុងតង់ទី១ ខ្សែប្រយុទ្ធ Harry Kane រកបានគ្រាប់បាល់នាំមុខនៅនាទីទី១៣។ ចំណែកក្រុមភ្ញៀវ ក៏រកបាន១គ្រាប់សងវិញនៅនាទីទី៣៥ ដោយកីឡាករ Diogo Jota ពីការបញ្ជូនបាល់ពីកីឡាករ Robertson ហើយកីឡាកររូបនេះទទួលបានកាតក្រហមនៅនាទីទី៧៧ផងដែរ។

ចូលដល់ការប្រកួតក្នុងតង់ទី២ កីឡាករ Robertson បានជួយឲ្យក្រុមហង្សក្រហមនាំមុខ១គ្រាប់វិញនៅនាទីទី៦៩ ប៉ុន្តែត្រូវក្រុមម្ចាស់ផ្ទះរកបានស្មើវិញនៅនាទីទី៧៤ ដោយខ្សែប្រយុទ្ធ Son Heung-min រហូតដល់ចប់ការប្រកួតលទ្ធផលគឺស្មើគ្នា ២ទល់២។

ការប្រកួតស្មើនេះបានពង្រីកការប្រកួតលីគដែលមិនធ្លាប់ចាញ់របស់លោក Antonio Conte ដែលបានដឹកនាំក្រុម Tottenham ដល់ទៅ៥ប្រកួត ទោះបីជាក្រុមរបស់គាត់ស្ថិតនៅលេខ៧ជាមួយនឹងការប្រកួតនៅក្នុងដៃ២ទៀត។ ចំណែកក្រុមហង្សក្រហម Liverpool បន្តឈរលេខ២ ធ្វើឲ្យគម្លាតនៃការដេញតាមក្រុមកំពូលតារាងកាន់តែឆ្ងាយបន្តិច ដោយចាញ់ក្រុមលេខ១ Man City ៣ពិន្ទុ ក្នុង១៨ប្រកួតដូចគ្នា។

សូមបញ្ជាក់ថា ការប្រកួតចុងសប្តាហ៍ចំនួន១០របស់ក្របខ័ណ្ឌ Premier League ក្នុងនោះ៦ប្រកួតត្រូវបានពន្យារពេលដោយសារតែ Covid-19។ ការប្រកួតរបស់ក្រុម Aston Villa ជាមួយក្រុម Burnley នៅថ្ងៃសៅរ៍ត្រូវបានលុបចោលត្រឹមតែ២ម៉ោងកន្លះមុនពេលការប្រកួតចាប់ផ្តើម។ ក្លិបនៅលីគកំពូលទាំង២០នឹងជួបប្រជុំគ្នានៅថ្ងៃចន្ទដើម្បីពិភាក្សាអំពីការកើនឡើងនៃវិបត្តិជុំវិញការរាតត្បាតនៃជំងឺឆ្លងនេះ ហើយអ្នកគ្រប់គ្រង និងប្រធានក្រុមទាំងនោះក៏ត្រូវរៀបចំកិច្ចប្រជុំផ្ទាល់ខ្លួនផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖