ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនព័ត៌មានស្ដីពី ការចាក់វ៉ាក់សាំងកូវីដ-១៩​ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញ សេចក្តីជូនព័ត៌មានស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូន សាធារណជនទាំងអស់ឱ្យបានជ្រាបថា (គ.វ.ក-១៩) នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ដោយប្រើប្រាស់ វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ និងយុវវ័យ មានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ រួចរាល់ ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ដោយអនុវត្តនូវយុទ្ធសាស្ត្រផ្ការីក របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលនឹងចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកោះកុង ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ រួចបន្តទៅខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាមនិងខេត្តស្វាយរៀងចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ និងនៅតាមបណ្តាខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត ដូចមានរៀបរាប់ខាងក្រោម៖

កាលបរិច្ឆេទ នៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ក់ដូសជំរុញ ឬដូសទី៣ ជូនដល់ក្រុមគោលដៅ ៖ យោងតាមកាលបរិច្ឆេទនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ជូនដល់កុមារ និងយុវវ័យ មានអាយុ ចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ និងដើម្បីឱ្យមានគម្លាតចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ (គ.វ.ក-១៩) បានរៀបចំកាលបរិច្ឆេទ នៃការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសជំរុញ ឬដូសទី៣. ជូនដល់ក្រុមគោលដៅនេះ នៅទូទាំង២៥រាជធានី-ខេត្ត ដូចខាងក្រោមតាមតារាងដែលភ្ជាប់ជាមួយស្រាប់ ៖
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៣១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩៦,៥៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,៩១% ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖