ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកបញ្ច្រាសគ្នាបុរស២នាក់សន្លប់ស្ដូកផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយបុរស២នាក់ដេកសន្លប់ស្ដូកស្ដឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោ៧និង១០នាទីព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១  លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៥២-១៥៣ ស្ថិតក្នុងភូមិព្រៃទប់សង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះពឹម សៀម  អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងផ្លាង់ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកYAMAHA EXCITER 135 ពណ៌ខៀវ គ្មានស្លាកលេខ ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមានឈ្មោះ កែវ វ៉ា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកោះឫស្សី ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង ១B-០៧៣១។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក YAMAHA EXCITER 135 ពណ៌ខៀវ គ្មានស្លាកលេខលើផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើតល្បឿនលឿន មិនប្រកាន់ស្តាំ ស្រាប់តែទៅបុកនិងម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខ កោះកុង ១B.០៧៣១ ជិះម្នាក់ឯងទិសដៅបញ្ច្រាសគ្នាក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹក។
ក្រោយមកអ្នករងរបួសទាំង២នាក់ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រកម្ទេស ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖