សារព័ត៌មាម៉ាឡេស៊ី Bernamaបានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្សជាង៣ម៉ឺននាក់ដែរបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ដោយសារតែគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ នាពេលកន្លងមក ។
ម៉ាឡេស៊ីតែងតែរងគ្រោះដោយសារព្យុះភ្លៀងមូសុង នៅរៀងរាល់ចុងឆ្នាំ ហើយជារឿយៗ ទឹកជំនន់ក៏បង្កបង្ខំឱ្យមានការជម្លៀសមនុស្សទ្រង់ទ្រាយធំផងដែរ។ អាកាសធាតុអាក្រក់ បូករួមទាំងភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក បានធ្វើឱ្យទឹកទន្លេកើនឡើងបង្កជាទឹកជំនន់ជន់លិចទីប្រជុំ, កាត់ផ្ដាច់ផ្លូវថ្នល់ជាច្រើន និងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
មនុស្សច្រើនជាង៣០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នរៀបចំឡើងដោយរដ្ឋ នៅទូទាំងរដ្ឋទាំង៨ និងដែនដីរបស់ ម៉ាឡេស៊ី ហើយក្នុងនោះមានច្រើនជាង ១៤,០០០នាក់ នៅក្នុងរដ្ឋ Pahang និងជិត ១០,០០០នាក់ នៅក្នុងរដ្ឋ Selangor។ រដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ចេញជំនួយសង្រ្គោះ និងបានបញ្ជាឱ្យក្រុមមន្ត្រីរបស់ខ្លួនបង្កើនកិច្ចខិតខំប្រឹងប្រែងជួយផ្ដល់ជំនួយឱ្យកាន់តែលឿនតាមដែលអាចធ្វើទៅបាន៕
ដោយ៖ធីរីណា(រូបថត៖AP)