ព័ត៌មានទាន់ហេតុការណ៍៖

ពន្លត់ទាន់ពេលកុំអីឆេះខ្ទេចរោងចក្របោកគក់នៅក្នុងសង្កាត់ចោមចៅ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រោងចក្រ​បោកគក់​សម្លៀក​បំពាក់​មួយ​កន្លែង​ពេលកម្មករទម្លាក់​អុស​លើ​គំនរ​ធ្យូង​ដោយមិនដឹង​ថា​មាន​សល់​រងើកភ្លើង​នៅក្នុងហ្នឹងនោះស្រាប់តែឆេះ​សន្ធោសន្ធៅផ្អើលដល់សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយបាញ់​ពន្លត់​ទាន់​ពេលវេលា ។

ហេតុការណ៍នេះបង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ 

សេចក្តីរាយការណ៍ព័ត៌មាន​ពី​ស្ត្រី​កម្មការិនីរោងចក្រ​បោកគក់​សម្លៀក​បំពាក់​បានឱ្យដឹង​ថា រោងចក្រ​បោកគក់​សម្លៀក​បំពាក់​ខាងលើមាន​ឡ​ដុត​អុសដើម្បី​បោកគក់​សម្លៀក​បំពាក់​នៅ​ទីតាំង​កន្លែង​ឆេះ​ដោយមាន​ពំនូក​ផេះ​ធ្យូង​ដែល​ចាក់ទុកចោល ហើយមុន​ពេល​កើតហេតុ​មាន​រថយន្ត​ដឹកអុស​រោងចក្រ​នេះបាន​យក​អុស​មក​ទម្លាក់​នៅលើពំនូកផេះធ្យូងបង្ក​ឱ្យឆាបឆេះ​ជា​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​ខ្ពស់​ជាង​ដំបូល​រោងចក្រ​ទៅទៀត និង​បណ្តាល​ឲ្យ​ដាច់​ខ្សែភ្លើង​នៅ​ខាងលើ​ជាប់​នឹង​ដំបូល​រោងចក្រ​ផង​ដែរ តែ​មិន​បង្ក​ឱ្យឆាបឆេះ​រាលដាល​ដល់រោងចក្រ​និង​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ឆេះនោះភ្លាម​ៗ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយបាញ់​ទឹកពន្លត់​។ បន្ទាប់​មក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ដ្ឋានរាជធានី​ភ្នំពេញ​បាន​មក​ដល់ចំនួន​៣​គ្រឿង តែ​បាញ់​ទឹកអស់​ចំនួន​២​គ្រឿង​បាន​រលត់​ទៅ​វិញ ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ករណីខាងលើនេះប្រសិនបើគ្មានការអន្តរាគមន៍ទាន់ពេលវេលានោះទេរោងចក្របោកគក់នេះច្បាស់ក្លាយជាផេះបាត់ទៅហើយ៕

ដោយ៖អរុណរះ


ចែករំលែក៖