លទ្ធផលនៃកិច្ចប្រជុំបណ្តាប្រទេសអ៊ីស្លាមដែលមាន ៥៧ប្រទេស ដើម្បីស្វែងរកដំណោះស្រាយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលបានធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្លាមម៉ាបាតប្រទេសប៉ាគីស្ថាន ពេលនេះបានចេញលទ្ធផលហើយនៅយប់ថ្ងៃទី ១៩ខែធ្នូ ដោយប្រទេសទាំងអស់បានសន្យា បង្កើតមូលនិធិមនុស្សធម៌ជួយដល់ប្រទេសអាហ្វហ្គានីស្ថាន ។
អាហ្វហ្គានីស្ថាន នៅពេលនេះមានប្រជាជនរាប់លាននាក់ កំពុងប្រឈមមុខនឹងគ្រោះទុរភិក្ស ដោយសារសង្គ្រាមរ៉ាំរ៉ៃ ហើយកាន់តែប៉ះពាល់ខ្លាំង នៅអំឡុងរដូវរងានេះ ។ ការប្រកាសពីការបង្កើតមូលនិធិមនុស្សធម៌ខាងលើ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស មកពីបណ្ដាប្រទេសជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC ) រៀបចំឡើងក្នុងទីក្រុងអ៊ីស្លាមម៉ាបាត កាលពីថ្ងៃទី១៩ខែធ្នូ កន្លងទៅនេះ។
បើតាមលោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន មូលនិធិមនុស្សធម៌នេះនឹងត្រូវបង្កើតឡើងដោយមានការឧបត្ថម្ភគាំទ្រពីធនាគារអភិវឌ្ឍន៍អ៊ីស្លាម តែមិនបានបញ្ជាក់ពី ចំនួនទឹកប្រាក់នោះទេ ខណៈកិច្ចប្រជុំនេះក៏មិនបានទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្គានីស្ថានរបស់តាលីបង់នោះដែរ ចំពោះការព្រមានថាស្ថានភាពមនុស្សធម៌ នៅអាហ្វហ្គានីស្ថាននឹងកាន់តែអាក្រក់ឡើង ប្រសិនជាជំនួយមនុស្សធម៌ ឬជំនួយបន្ទាន់នានាមិនត្រូវបានដោះស្រាយទេនោះ។
វិបត្តិមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការដួលរលំទាំងស្រុងនៃប្រទេសមួយនេះដែលកំពុងស្ថិត នៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ តែទោះជាបែបនេះក្ដី, ការឆ្លើយតបរបស់សហគមន៍អន្តរជាតិនៅតែមានភាពយឺតយ៉ាវ ជាពិសេសគឺការស្ទាក់ស្ទើរ របស់លោកខាងលិចក្នុងការទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ដែលបានឡើងកាន់អំណាចជាថ្មីកាលពីខែសីហាកន្លងទៅនេះ៕
ដោយ៖ធីរីណា(ប្រភព៖Daily Pakistan Global)