ភ្នំពេញ : លោក ថោង រដ្ឋសក្តិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជាក់ឲ្យដឹង ថា ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ លើកទី១ មានរយៈពេល៥ថ្ងៃ បានបញ្ចប់ដោយភាពជោគជ័យ នឹងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីប្រតិភូ កីឡាការ កីឡាការិនី និងប្រធានគណៈកម្មការបច្ចេកទេសអន្តរជាតិ ចំពោះការរៀបចំបានល្អ និងមានស្តង់ដាអន្តរជាតិ ។
លោកបានបញ្ជាក់ទៀតថា ជោគជ័យនៃការរៀបចំលើកដំបូងនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីលើប្រភេទកីឡាទូកក្តោងកម្ពុជាឈានទៅទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិជាបន្តទៀត និងកាន់តែធំជាងនេះ ។
លោក អះអាងថា តាមរយៈដែលអត្តពលិកជម្រើសជាតិកម្ពុជា ដណ្តើមបានពីការប្រកួតអន្តរជាតិមួយនេះ បានសរបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ការរៀបចំការប្រកួតកម្រិតអាស៊ី និងអាស៊ាន ហើយឈានដណ្តើមបានមេដាយសរុបរហូត៨គ្រឿង ក្នុងនោះមេដាយមាស១ ប្រាក់៤ និងសំរិទ្ធ៣គ្រឿង ដោយសមត្ថភាពកីឡាករ
ពិតៗ គ្មានការសុំមេដាយ ឬក៏លួចបន្លំ ដោយមិនយុត្តិធម៌នោះទេ ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ពិតជាមានក្តីសោមមន្សរីករាយខ្លាំងណាស់ សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នេះ ហើយក៏ជាការរៀបចំ លើកទី១ វានឹងក្លាយជាបទពិសោធន៍សម្រាប់រៀបចំទទួលការប្រកួតអន្តរជាតិក្រោយទៀត ដោយយើងត្រៀមលក្ខណៈឲ្យកាន់តែល្អជាងនេះបន្ថែមទៀត ។
សម្រាប់លទ្ធផលការប្រកួតលើ៥វិញ្ញាសា កម្ពុជាដណ្តើមបានមេដាយសរុប៨គ្រឿង ក្នុងនោះមេដាយមាស១ ប្រាក់៤ និងសំរិទ្ធ៣គ្រឿង ក្នុងនោះ-វិញ្ញាសា Winsurfing RS: One កម្ពុជាដណ្តើមបានមេដាយទាំងមាស ប្រាក់ និងសំរិទ្ធ ម៉ាឡេស៊ី ដណ្តើមបានមេដាយសរុប២គ្រឿង មាស១ ប្រាក់១ និងសិង្ហបុរី ដណ្តើមបានមេដាយសរុប១១គ្រឿង មាស៥ ប្រាក់២ និងសំរិទ្ធ៤គ្រឿង៕
ដោយ៖ សិលា