ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌបឹងកេងកង​ ឃាត់ខ្លួន​យុវជនម្នាក់​ ខណៈ​ប្រេីល្បិចខ្ចីម៉ូតូអ្នកស្គាល់គ្នាថាទៅទិញបារីជក់​ បែរជាយកទៅបាត់

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌបឹងកេងកង​ បានឱ្យដឹងថា​ កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣​ នៅវេលាម៉ោង​១០និង​០០នាទីព្រឹកថ្ងៃទី២០ ខែ​ធ្នូ ឆ្នាំ២០២១នេះ​ បានឃាត់​ខ្លួនជនសង្ស័យម្នាក់ ពីបទ៖ រំលោភលើទំនុកចិត្ដ ​(យកម៉ូតូ០១គ្រឿង) នៅចំណុចផ្ទះលេខ៤៥B ផ្លូវលេខ៤៥ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ។​​

លោកអធិការ​ បានបន្តថា​ ជនសង្ស័យឈ្មោះ ញុិល រ៉ាភូ ហៅភូ ភេទប្រុស អាយុ​២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤៦ ផ្លូវលេខ៣៤៨ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មុខរបរ៖ សន្ដិសុខ (ប្រើប្រាស់ថ្នាំញៀន)។​

ចំណែក​វត្ថុតាងចាប់យក៖ (គ្មាន)។ 

រីឯ​ជនរងគ្រោះ​ឈ្មោះ តាំង គីមឆេង ភេទប្រុស​ អាយុ​៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤៥B ផ្លូវ៣៤៨ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង មុខរបរ៖ បុគ្គលិកក្រុមហ៊ុន ។ដោយ​ឡែក​សម្ភារៈបាត់បង់៖​ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ រតនគិរី 1E.4011 លេខតួ+លេខម៉ាសុីន M 9839824 ។

  យោងតាម​ដំណើរ​រឿង​ បានឱ្យដឹងថា​ មុនពេលកើតហេតុកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៧និង០៥នាទី ជនសង្ស័យខាងលើបានខ្ចីម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ រតនគិរី 1E.4011 របស់ជនរងគ្រោះនៅចំណុចផ្ទះលេខ៤៥B ផ្លូវលេខ៤៥ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) ដើម្បីទៅទិញបារីជក់ បន្ទាប់មកជនសង្ស័យយកម៉ូតូរបស់ជនរងគ្រោះទៅឱ្យបក្ខពួកឈ្មោះ ង៉ែត លីហួរ ខ្ចីត ហើយយកគេចខ្លួនបាត់តែម្ដង។ លុះរហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ជនរងគ្រោះបានចាប់ឃាត់ខ្លួនជនសង្ស័យ នាំប្រគល់ឱ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ដើម្បីសាកសួរតែម្ដង។

បច្ចុប្បន្នជនសង្ស័យ​ខាងលើ ឃាត់ខ្លួនបណ្ដោះ​អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេង​កង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ​តាមនីតិវិធីច្បាប់​

ដោយ​៖ស​ តារា​


ចែករំលែក៖