ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​! ចម្លើយមេខ្លោង សុខ សុវណ្ណវឌ្ឍនា សាប៊ុង ប្រធានគណបក្សខ្មែរក្រោក​ គឺជាអ្នកដឹកនាំទៅប្លន់ផ្ទាល់ និងបញ្ជាផ្ទាល់ពីក្នុងរថយន្តឱ្យប្លន់ឧកញ៉ា អ៊ាន សៀវមុី គឺធុញ ស្អប់ ជ្រេញ អ្នកអួតទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ​៖​ ទីបំផុត​យោងតាម​ចម្លើយមេខ្លោង សុខ សុវណ្ណវឌ្ឍនា សាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាព​ប្រាប់​​មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ​នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២១ ខែធ្នូ ឆ្នាំ២០២១នេះថា​៖​ ខ្លួន​គឺជាអ្នកដឹកនាំទៅប្លន់ផ្ទាល់ និងបញ្ជាផ្ទាល់ពីក្នុងរថយន្តឱ្យប្លន់ឧកញ៉ា អ៊ាន សៀវមុី គឺធុញ ស្អប់ ជ្រេញ អ្នកអួតទ្រព្យសម្បត្តិតាមបណ្តាញសង្គម ជាពិសេសគឺអ្នកលក់ឡេនេះ…ដែលចូលចិត្តអួតពីមាស ពេជ្រ ដុល្លារ…ដូចផ្គើន…ហើយ​នេះជាសារមួយដល់អ្នកដែលចូលចិត្តបង្អួត បង្ហាញ តាមបណ្តាញសង្គមផងដែរ។ 

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ នៅព្រឹក​ថ្ងៃ​អង្គារ​នេះ​ដែរ​ ក៏បានបញ្ជាក់នៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផ្ទាល់​ថា៖ ខ្ញុំ​បាទ​ សូមជម្រាបជូនអ្នកសារព័ត៌មានជ្រាបថា នាវេលាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញប្រតិបត្តិការបង្ក្រាប និងមានការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងករណីប្លន់មួយចំនួនពិតមែន។

ដោយសារការស៊ើបអង្កេតកំពុងបន្តនីតិវិធី ខ្ញុំបាទសូមជម្រាបបញ្ជាក់បានត្រឹមប៉ុណ្ណេះ ពីព្រោះនេះជាការសម្ងាត់វិជ្ជាជីវៈ ដែលត្រូវតែគោរព។​ សូមអរគុណ! 

សូមជម្រាបថា​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ​ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម)​ ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនមនុស្សពាក់ព័ន្ធ ចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។​ ក្នុងការឃាត់ខ្លួនមនុស្សទាំងអស់ ក្នុងនោះក៏មានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី​ ផងដែរ​។ 

ដោយឡែក​ជុំវិញករណីនេះដែរ​ បេី​តាមការបញ្ជាក់ពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅយប់ថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ថា៖​ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ ,លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានស្រាវជ្រាវ និងដេញឃាត់បានរថយន្តដែលជនសង្ស័យបានប្រេីប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីញូវថោន ខណ្ឌពោធិ៍សែនជ័យ។ 

ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបេីកទ្វារលោតគេចខ្លួនចូលក្នុងគុម្ពោតព្រៃ ពេលនេះសមត្ថកិច្ចកំពុងធ្វេីការឡោមព័ទ្ធទីតាំងនោះ ដេីម្បីបន្តរុករកជនសង្ស័យ ដែលរត់គេចខ្លួន។ ដោយពិនិត្យឃេីញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វេីការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបេីករថយន្តទៅកន្លែងស្ងាត់ដេីម្បីដុតកម្ទេចចោលបំផ្លាញភស្តុតាង។ 

គួរជម្រាបថា​ ជុំវិញករណីខាងលេីនេះ​ដែរ​ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញសេចក្តីបំភ្លឺព័ត៌មាន​ទាក់ទងទៅនឹងការបិទបញ្ចប់ការសាកសួរជនរងគ្រោះ​ អំពីការបាត់បង់ទ្រព្យសម្បត្តិជាក់ស្តែង​ លេីករណីជនសង្ស័យមួយក្រុមដែលបានចូលប្លន់ដល់ក្នុងផ្ទះជនរងគ្រោះ​ នៅបុរីញូវថោន​ កាលពីវេលាម៉ោង​ ១០:៣០នាទីព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២១​។ ដោយ​ជនរងគ្រោះ​បានអះអាងថា​ ទ្រព្យសម្បត្តិសរុបដែលជនសង្ស័យយកទៅមានតម្លៃប្រហែល៩លានដុល្លារ (ប្រាំបួនលានដុល្លារ) ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវវត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ។

ភ្លាមៗបន្ទាប់ពីកេីតហេតុ​ កម្លាំងចម្រុះនៃការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កម្លាំងនៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ​ បានសហការជាមួយកម្លាំងចម្រុះនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ បានចុះដល់កន្លែងកេីតហេតុ​ដេីម្បីធ្វេីកំណត់ហេតុស្រាវជ្រាវចំពោះករណីប្លន់នេះ ។

ជំហានដំបូងសមត្ថកិច្ចជំនាញបានធ្វេីការសាកសួរជនរងគ្រោះលេីករណីនេះ​ ជាពិសេសចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់​ ដោយបន្ទាប់ពីកេីតហេតុភ្លាមៗ​ ជនរងគ្រោះនៅមានអារម្មណ៍តក់ស្លុត​ ភ័យខ្លាច​ និងមិនទាន់បានពិនិត្យឱ្យបានច្បាស់លាស់អំពីការបាត់បង់ទាំងនេះ​ ទេីបរហូតមកដល់ថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០២១នេះ​ សមត្ថកិច្ចចម្រុះបានធ្វេីការសាកសួរបញ្ចប់ជាមួយជនរងគ្រោះ​លេីការបាត់បង់សរុបនេះ​ ។  

បន្ទាប់ពីជនរងគ្រោះសម្រួលអារម្មណ៍​ បាត់ភ័យខ្លាច​ និងបានត្រួតពិនិត្យច្បាស់លាស់អំពីទ្រព្យសម្បត្តិដែលបានបាត់បង់​ ដោយបានបញ្ជាក់តម្លៃជាមួយហាងលក់ពេជ្រដែលគាត់តែងតែទិញយកមកប្រេីប្រាស់​ តាមចម្លេីយរបស់ជនរងគ្រោះសម្ភារៈដែលបានបាត់បង់រួមមានខ្សែកពេជ្រធំ​ ចំនួន៣ខ្សែ​ និងគ្រឿងអលង្ការ (ពេជ្រ) មួយចំនួនទៀត​ យោងទៅលើវិក្កយបត្រ ទិញ-លក់ គិតជាទឹកប្រាក់សរុបប្រហែលជា​ ១.៦ ទៅ​ ១.៩ លាន​ដុល្លាអាមេរិក និងទូរស័ព្ទដៃម៉ាក​ I phone ចំនួន​ ២គ្រឿងផងដែរ​៕

ដោយ​៖ស​ តារា​


ចែករំលែក៖