កាលពីថ្ងៃចន្ទម្សិលមិញនេះ កញ្ញាឯកចក្រវាឡកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញមុខជាផ្លូវការលើកដំបូងក្នុងកម្មវិធីជួបជុំអ្នកគាំទ្រ ឬFan Meeting ដែលជាកម្មវិធីជំនួបជុំអ្នកគាំទ្រកញ្ញាឯករូបនេះជាផ្លូវការក្រោយពីនាងបានវិលត្រឡប់មកពីការប្រកួតក្នុងកម្មវិធីកញ្ញាឯកចក្រវាឡ២០២១នៅក្នុងប្រទេសអុីស្រាអែល។ បើទោះបីជាមិនទទួលបានចំណាត់ថ្នាក់ណាមួយក្តី ប៉ុន្តែនាងបានចាត់ទុកថាជាក្តីរំភើបដែលទទួលបានការគាំទ្រលើកទឹកចិត្តដ៏ធំធេងពីពលរដ្ឋខ្មែរគ្រប់រូបដែលសូម្បីតែអ្នកគាំទ្របរទេសក៏បានទាំងលើកទឹកចិត្តនាងដែរ។ អ្វីដែលកាន់តែធ្វើឲ្យនាងរំភើបរហូតស្រក់ទឹកភ្នែកនោះគឺក្តីរំភើបដែលទទួលបានឱកាសឡើងឆាកអន្តរជាតិ ហើយបើទោះបីជានាងបានបង្កើតកំហុសឆ្គងតិចតួចដោយអចេតនា ប៉ុន្តែនាងនៅតែទទួលបានកម្លាំងចិត្តដ៏ធំធេងពីអ្នកគាំទ្រនិងអ្នកផលិតកម្មវិធីដែលអាចឱ្យឱកាសនាងបង្ហាញឈុតតំណាងជាតិរបស់កម្ពុជាលើឆាកអន្តរជាតិជាថ្មី។
នាងបានបញ្ជាក់ថា នាងពិតជារំភើប មានមោទកភាព និងជាបទពិសោធន៍លើកដំបូងក្នុងជិវិត ហើយបើទោះបីជាឆ្លងកាត់ការលំបាកមួយចំនួនក៏ដោយ ពិសេសការពិបាកក្នុងការទ្រាំនឹងអាកាសធាតុត្រជាក់នោះជាដើម ប៉ុន្តែនាងនៅតែខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដែរ។ នាងចាត់ទុកថាជាការចងចាំមួយដ៏ល្អក្នុងអំឡុងពេលនៃការប្រកួតទាំងភាពរួសរាយរាក់ទាក់ ការយកចិត្តទុកដាក់មកលើរូបនាងដែលជាតំណាងពីកម្ពុជា។
កម្មវិធីនេះត្រូវបានធ្វើឡើងនៅផ្សារទំនើបអូឡាំព្យ៉ា និងបានអនុញ្ញាតឱ្យអ្នកគាំទ្របានជួបដោយផ្ទាល់ជាមួយការសាកសួរសំណួរពីសំណាក់ក្រុមអ្នកគាំទ្រ និងអ្នកសារព័ត៌មានផងដែរ។ អ្វីដែលសំខាន់គឺបេក្ខភាពកញ្ញាឯកមួយចំនួនក៏បានបង្ហាញវត្តមានក្នុងកម្មវិធីខាងលើដើម្បីទទួលបានបទពិសោធន៍មុនពេលដែលពួកគាត់ចេញទៅប្រកួតនៅក្រៅប្រទេស។ អ្វីដែលធ្វើឲ្យនាងរំជួលចិត្តរហូតស្រក់ទឹកភ្នែកនោះគឺក្រោយពីនាងរំលឹកអំពីកម្មវិធីប្រកួតឈុតតំណាងជាតិ ព្រោះតែគ្រានោះមានកំហុសឆ្គងមួយរហូតត្រូវជ្រុះរូបភាពពីខាងក្រោយខ្នងដោយសារនាងមានពេលវេលាតែ៣នាទីប៉ុណ្ណោះដើម្បីស្លៀកសម្លៀកបំពាក់នេះ ហើយស្លៀកដោយខ្លួនឯង និងដោយសារតែការដាក់ដែកមិនជាប់ ដោយសារតែការផ្តល់ឱកាសក្នុងការដើរបង្ហាញម្តងទៀតពីអ្នករៀបចំកម្មវិធីទើបនាងសម្រេចចិត្តដើរបង្ហាញម្តងទៀត។ នាងពិតជាអរគុណដល់ក្រុមការងារនៅក្នុងប្រទេសអុីស្រាអែលដែលបានយកចិត្តទុកដាក់និងលើកទឹកចិត្តនាង ហើយនាងពិតជារំភើបចិត្តដែលអាចនាំយកឈុតតំណាងជាតិទៅបង្ហាញលើឆាកអន្តរជាតិ។
គួរបញ្ជាក់ដែរថា កម្មវិធីផ្តាច់ព្រ័ត្រត្រូវបានធ្វើឡើងនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១។ បេក្ខភាពមកពីបណ្តាប្រទេសប្រមាណ៨០ បានចូលរួមប្រកួតប្រជែងដណ្តើមមកុដក្នុងកម្មវិធីកញ្ញាឯកធំសម្បើមលើកទី៧០នេះ៕
ដោយ ៖ វឌ្ឍនា