ខេត្តបាត់ដំបង ៖ អ្នកភូមិបានប្រទះឃើញសាកសពបុរសម្នាក់នៅកណ្តាលវាលស្រែដោយមិនដឹងថាបុរសនេះស្លាប់ដោយសារមូលហេតុអ្វីនោះទេ ទើបនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាបន្ទាន់។
ករណីគួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចវាលស្រែ ភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង។
ក្រោយទទួលដំណឹងនេះភ្លាមសមត្ថកិច្ចជំនាញ បានប្រទះឃើញសាកសពដេកស្លាប់ដោយមានស្នាមរបួសបំពង់ក ។ បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់អត្តសញ្ញាណរបស់សពទើបស្គាល់ថា ជនរងគ្រោះឈ្មោះ វ៉ិត រក្សា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្ត បាត់ដំបង។
បុរសនេះបើតាមការអង្កេតនិងការវាយតម្លៃរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានជំហានដំបូងថា អាចជនរងគ្រោះខាងលើមានវិបត្តិផ្លូវចិត្តអ្វីមួយទើបធ្វើអត្តឃាតខ្លួនឯងដោយប្រើប្រាស់កាំបិតកែច្នៃអារ.កសម្លាប់ខ្លួនឯងនៅចំណុចកើតហេតុខាងលើ ដោយឃើញមានកាំបិតកែច្នៃមួយដើមនៅក្បែរសព។ ចំពោះមូលហេតុពិតប្រាកដថាមានវិបត្តិផ្លូវចិត្តអ្វីធ្ងន់ធ្ងររហូតបុរសនេះដាច់ចិត្តធ្វើអត្តឃាតនេះ សមត្ថកិច្ចជំនាញមិនបានធ្វើអត្ថាធិប្បាយប្រាប់ឲ្យដឹងនោះទេ ដោយគ្រាន់តែបញ្ជាក់ថាកំពុងធ្វើការស្រាវជ្រាវជាមួយក្រុមគ្រួសារនៅឡើយ។
យ៉ាងណាក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចក៏បានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ប្រាថ្នា