ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជាអធិបតីភាព ក្នុងពិធី ចុះហត្ថលេខា លើឯកសារចំនួន៧

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខា លើឯកសារចំនួន៧  នៅវិមានសន្តិភាព ។

សូមបញ្ជាក់ថា, យោងតាមការផ្សាយចេញផ្ទាល់ពីផេកផ្លូវការ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, ឯកសារចំនួន៧នោះរួមមានដូចតទៅ៖

ទី១/៖ ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ទី២/៖ ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម
ទី៣/៖ កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា
ទី៤/៖ កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម
ទី៥/៖ អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្រាប់ឆ្នាំ២០២១-២០២៥ សាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការបញ្ចប់ការចរចាបង្កើត
ទី៦/៖ អនុស្សារណៈនៃការយោគយល់គ្នារវាង ព្រះរាជាណាចក្រកម្ពុជា និង កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
និងទី៧/៖ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម។
យោងតាមសេចក្តីប្រកាសជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន អោយដឹងថា, លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១។ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីលោក ង្វៀន សួនហ៊្វុក នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រះទីនាំងទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់សម្ដេចព្រះមហាក្សតី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅ ព្រះរាជដំណាក់គន្ធបុប្ផា ក្នុងព្រះបរមរាជវាំង៕

ដោយ៖ សិលា


ចែករំលែក៖