ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ចើញដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ នាព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង ក្នុងឱកាសដ៏ឧត្តុង្គឧត្តមដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ។សូមជម្រាបជូនថា, ក្នុងថ្ងៃដដែលនេះផងដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ចើញដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសដ៏ឧត្តុង្គឧត្តមដែល លោក អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ។
យោងតាមសេចក្តីប្រកាសជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន អោយដឹងថា, លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១៕
ដោយ៖ សុខ ខេមរា