ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំមន្ទីរអង្គភាពជំនាញ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យមើលការរៀបចំបុកគ្រឹះ ទីតាំងលើរូបសំណាក “ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ” ស្ថិតនៅលើសួនច្បារ មាត់ទន្លេ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទល់មុខមន្ទីរពេទ្យ មេគង្គកំពង់ចាម ។ នេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តកំពង់ចាម។
តាមប្រសាសន៍លើកឡើងរបស់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អំពីប្រវត្តិនៃ បដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាននៃរចនាបថចម្លាក់លោត នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបាយ័ន ។
ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ”សន្តិភាព” គឺបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌៕
ដោយ៖សហការី