ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​កណ្ដាល​ “ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា”

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី២១​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ថា៖​ “ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ការចូលរួមបរិច្ចាគ របស់ លោក លោកស្រី អ្នកនាង កញ្ញា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា គឺជាកាយវិការដ៏សប្បុរសដែលនឹងរួមចំណែកក្នុងការព្យាបាល និងជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់” ។ 

ជាក់ស្ដែង​មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាមូលនិធិផ្លូវការដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបច្ចុប្បន្ន សម្តេចទាំងទ្វេជាស្ថាបនិក និងជាប្រធានកិត្តិយសផ្ទាល់របស់មូលនិធិ។

លោក​ គង់​ សោភ័ណ្ឌ​ បានថ្លែង​បន្តថា​ ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ និងនិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយឈរលើស្មារតី ” ខ្មែរជួយខ្មែរ ” តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ កន្លងទៅនេះ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោកបានដឹកនាំសហការីនាំយកថវិកាចំនួន ៥២២ ៤៥៧ ០០០(ប្រាំរយម្ភៃពីរលាន បួនរយហាសិបប្រាំពីរពាន់)រៀល និង១,១៥០ (មួយពាន់មួយរយហាសិប)ដុល្លារ ដែលជាការចូលរួមចំណែកបរិច្ចាគពី លោក លោកស្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តកណ្តាល ប្រគល់ជូនមូលនិធិគុន្ធបុប្ផា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។  

មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតឡើងក្នុងគោលបំណងកៀរគរមូលនិធិសប្បុរសធម៌ ដើម្បីរួមចំណែកទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប៕

ដោយ៖សហការី​


ចែករំលែក៖